អភិវឌ្ឍចំណេះដឹង | October 21, 2021 | 159

យុទ្ធសាស្រ្តដើម្បីបើកសក្តានុពលភាពជាមេដឹកនាំអស្ចារ្យ

វិធីសាស្រ្តត្រជាក់ផងក្តៅផងចំពោះការរីកចម្រើនក្នុងនាមជាមេដឹកនាំមិនអាចមាននិរន្តរភាពបានទេ ហើយក៏បានត្រឹមតែនាំទៅរកការខ្សោះអស់កម្លាំងកាយចិត្តប៉ុណ្ណោះ។ មេដឹកនាំជោគជ័យយល់គន្លឹះដើម្បីសម្រេចគោលដៅរបស់គេ និងរស់នៅក្នុងជីវិតដែលរុងរឿងតាមរយៈការបង្កើតនិងអនុវត្តតាមផែនការរីកចម្រើនផ្ទាល់ខ្លួនយ៉ាងទៀងទាត់។

 

 

មេដឹកនាំជោគជ័យប្រើប្រាស់យុទ្ធសាស្រ្តអភិវឌ្ឍខ្លួនដើម្បីបង្កើតផ្នត់គំនិតរឹងមាំនិងបង្កើតសេរីភាពកាន់តែអស្ចារ្យ។ បើអ្នកសិក្សាអំពីមេដឹកនាំជោគជ័យណាមួយ ទោះជាលោកJeff Bezos លោកស្រីOprah លោកស្រីMichelle Obama ឬលោកRichard Branson អ្នកនឹងឃើញទម្រង់ស្របគ្នា និងទម្លាប់ល្អៗស្រដៀងគ្នាមិនខាន។ អ្នកនឹងឃើញថាមេដឹកនាំដែលយល់សារៈសំខាន់នៃការប្រកាន់គោលការណ៍អភិវឌ្ឍខ្លួននឹងស្រេកឃ្លានហើយប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍរបស់គេ។ 

 

ក្នុងនាមជាមេដឹកនាំ អ្វីៗដែលអ្នកចង់សម្រេចបានក្នុងជីវិត ការងារ និងទំនាក់ទំនងកើតឡើងនៅពេលអ្នកបង្កើតទម្លាប់បានល្អបំផុត។ បើអ្នកចង់បង្កើតជោគជ័យបន្ថែមទៀត អ្នកត្រូវប្តេជ្ញាចិត្តចំពោះការរីកចម្រើនយូរអង្វែងទៅមុខ។ ខាងក្រោមនេះជាយុទ្ធសាស្រ្តសំខាន់ពីរយ៉ាងដែលមេដឹកនាំជោគជ័យទាំងអស់ប្រើប្រាស់៖

 

១/ សិក្សាទម្លាប់ជោគជ័យពីគេ ប៉ុន្តែអនុវត្តតាមរបៀបផ្ទាល់ខ្លួន

ការទទួលបានព័ត៌មានគ្រប់បែបយ៉ាង និងការមើលឃើញទម្លាប់ជោគជ័យរបស់អ្នកដទៃជារឿងល្អនិងផ្តល់កម្លាំងចិត្តខ្ពស់ណាស់។ មេដឹកនាំជោគជ័យយល់ថាការយកគំរូតាមជោគជ័យរបស់គេជាមធ្យោបាយអស្ចារ្យដើម្បីបង្កើតឱកាសរីកចម្រើនក្នុងជីវិត។ ទោះជាយ៉ាងណា ក្នុងពេលសិក្សាទម្លាប់ជោគជ័យទាំងអស់នេះ គេសម្រិតសម្រាំងនិងចម្រាញ់យកតែចំណុចល្អៗទៅបង្កើតជាប្រព័ន្ធមួយផ្ទាល់ខ្លួនសម្រាប់អនុវត្ត គឺគេមិនចម្លងតាមទាំងស្រុងទេ។ 

 

យុទ្ធសាស្រ្តនិងវិធីសាស្រ្តដែលមានប្រសិទ្ធភាពសម្រាប់មនុស្សម្នាក់ ប្រហែលមិនអាចយកទៅប្រើបានសម្រាប់មនុស្សផ្សេងទៀតទេ។ ការរីកចម្រើនផ្ទាល់ខ្លួនកើតឡើងតាមរយៈការចេះប្រើទម្លាប់ក្នុងរបៀបដែលត្រឹមត្រូវតាមចំណង់ចំណូលចិត្តនិងចរិតលក្ខណៈរបស់អ្នក។ លោកTim Cook ក្រោកពីដំណេកនៅម៉ោងបីព្រឹករាល់ថ្ងៃ ចំណែកលោកJeff Bezos ចូលចិត្តគេងឱ្យឆ្អែតដោយមិនប្រើនាឡិការោទ៍។ ហើយម៉ោងពេលទាំងពីរនេះក៏ប្រហែលមិនត្រូវគ្នានឹងទម្លាប់ផ្ទាល់ខ្លួនរបស់អ្នកទេ ពីព្រោះមនុស្សម្នាក់ៗកើតមកមានរបៀបខុសគ្នា។ 

 

ផ្លូវទៅរកការរីកចម្រើននិងការសម្រេចសក្តានុពលពេញលេញចាប់ផ្តើមពីការស្គាល់ខ្លួនឯងនិងការសាកល្បង។ អ្នកត្រូវដឹងរបៀបដែលអ្នកធ្វើការបានល្អបំផុត។ អ្នកត្រូវសាកល្បងមើលរបៀបណាដែលល្អបំផុតចំពោះគោលដៅអ្នកនិងផ្លូវដែលអ្នកចង់សម្រេចបាន។ 

 

២/ ផ្តោតលើការរីកចម្រើនរបស់ខ្លួនឯង មិនមែនរបស់អ្នកដទៃទេ

លោកJeff Bezos និយាយអំពីរបៀបដែលក្រុមហ៊ុនAmazonទទួលបានជោគជ័យ។ អាថ៌កំបាំងរបស់ក្រុមហ៊ុនAmazon ស្ថិតនៅលើការចំណាយពេលនិងការប្រឹងប្រែងច្រើនបំផុតការផ្តោតគិតដល់អតិថិជន មិនមែនការប្រកួតប្រជែងទេ។ មេដឹកនាំជោគជ័យផ្តោតលើគោលដៅរបស់គេ និងផ្លូវជាក់លាក់ដើម្បីទៅដល់គោលដៅនោះ មិនមែនផ្តោតលើរបៀបដែលមេដឹកនាំផ្សេងទៀតទៅដល់គោលដៅរបស់គេទេ។ 

 

បណ្តាញសង្គមនិងអ៊ីនថឺណិតបានផ្តល់លទ្ធភាពឱ្យយើងភ្ជាប់ទំនាក់ទំនងនិងសង្កេតតាមដានរឿងរ៉ាវនិងកិច្ចការគ្រប់យ៉ាងដែលមនុស្សដទៃកំពុងតែធ្វើ។ ប៉ុន្តែអ្នកកម្រឃើញរូបភាពនៃការពិតបានពេញលេញគ្រប់ជ្រុងជ្រោយណាស់ ហើយរបៀបនេះមិនមែនជាអ្វីដែលអ្នកត្រូវការដើម្បីបង្កើតជោគជ័យក្នុងជីវិតរបស់អ្នកទេ។ គោលដៅរបស់អ្នកគួរតែផ្តោតចិត្តលើកិច្ចការប្រចាំថ្ងៃដើម្បីរីកចម្រើន សម្រេចគោលដៅ និងប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍បំផុត។ 

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់