អភិវឌ្ឍចំណេះដឹង | October 21, 2021 | 188

ផ្នត់គំនិតដែលជួយឱ្យសហគ្រិនប្រើប្រាស់បណ្តាញសង្គមមានប្រយោជន៍

បណ្តាញសង្គមបង្ហាញវត្តមានប្រហែលពីរទសវត្សហើយ ប៉ុន្តែសង្គមនៅតែកំពុងរៀនអំពីឥទ្ធិពលដែលបច្ចេកវិទ្យាមួយនេះមានលើសុខភាពផ្លូវចិត្តរបស់យើង។ សម្រាប់សហគ្រិនជើងថ្មី បណ្តាញសង្គមអាចប្រៀបបានទៅនឹងដាវដែលមានមុខពីរ។ យើងអាចចែករំលែកនិងសន្ទនារឿងរ៉ាវជោគជ័យបានកាន់តែច្រើន ប៉ុន្តែយើងក៏ខ្ជះខ្ជាយពេលវេលាតាមដានរឿងដែលគ្មានប្រយោជន៍ច្រើនដែរ។ ជាលទ្ធផល យើងអាចនឹងមានបញ្ហាអារម្មណ៍មិនគ្រប់គ្រាន់និងអន្ទះសា។ 

 

 

ដូច្នេះហើយ តើមានវិធីសាស្រ្តអ្វីដែលអាចអនុវត្តបានប្រសើរបំផុត? តើសហគ្រិនអាចប្រើប្រាស់បណ្តាញសង្គមសម្រាប់ពាណិជ្ជកម្មរបស់គេរបៀបណាដោយមិនឱ្យប៉ះពាល់សុខភាពផ្លូវចិត្តរបស់គេ? ចម្លើយមិនសូវស្មុគស្មាញទេ ប៉ុន្តែក៏មិនងាយស្រួលពេកដែរ គឺយើងត្រូវបង្កើតផ្នត់គំនិតរឹងមាំតាមជំហានទាំងនេះ៖

 

១/ កុំធ្វើតាមក្បួនរបស់បណ្តាញសង្គម

នៅក្នុងកម្រិតមូលដ្ឋានបំផុត បណ្តាញសង្គមប្រៀបដូចជាល្បែងដែរ។ តាមពិតទៅក្រុមអ្នកបង្កើតបណ្តាញសង្គមជាច្រើនក៏បានសារភាពថាគេបង្កើតអារម្មណ៍ញៀននៅក្នុងបទពិសោធន៍អ្នកប្រើប្រាស់ គេចង់ឱ្យមនុស្សចំណាយពេលច្រើនលើបណ្តាញសង្គមរបស់គេ។ ការធ្វើបែបនេះមានន័យថាគេអាចលក់ការផ្សព្វផ្សាយពាណិជ្ជកម្មបានកាន់តែយូរ និងបានចំណូលកាន់តែច្រើន។ ចំពោះអ្នកប្រើប្រាស់ ឬអ្នកលេងបណ្តាញសង្គមវិញ រង្វាន់ធំដែលអាចទទួលបានការការយកចិត្តទុកដាក់តាមដានពីអ្នកដទៃ។ 

 

ទោះជាអ្នកប្រើប្រាស់បណ្តាញសង្គមសារភាពឬមិនសារភាព ក៏ការចង់ឱ្យគេយកចិត្តទុកដាក់និងតាមដានជាគោលដៅមួយដែរនៅពេលលេងបណ្តាញសង្គម។ វាប្រៀបដូចជាការការប្រកួតដណ្តើមយកប្រជាប្រិយភាពនៅក្នុងពិភពមួយតាមរយៈការលក់រឿងរ៉ាវ។ 

 

ជំនួសមកវិញ មធ្យោបាយដែលល្អក្នុងការប្រើប្រាស់បណ្តាញសង្គមគឺត្រូវចាត់ទុកវាជាឧបករណ៍មួយ។ ក្នុងពេលដែលសហគ្រិនប្រើប្រាស់បណ្តាញសង្គមដើម្បីសន្ទនានិងចែករំលែករឿងរ៉ាវ គេក៏ដឹងដែរថាការទាក់ទាញចំណាប់អារម្មណ៍តែម្យ៉ាងមិនអាចជួយអ្វីដល់ពាណិជ្ជកម្មរបស់គេទេ។ តើល្បីមានប្រយោជន៍អ្វីបើអ្នកមិនមានផលិតផលឬសេវាកម្មដើម្បីផ្តល់ជូនគេ? 

 

២/ កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ

តាមរយៈការប្រឹងប្រែងចង់បានចំណាប់អារម្មណ៍ សហគ្រិនច្រើនតែចាប់ផ្តើមប្រៀបធៀបរឿងជោគជ័យរបស់ខ្លួនឯងជាមួយនឹងអ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀត។ ការធ្វើបែបនេះជាទម្លាប់អាក្រក់ណាស់ ជាពិសេសចំពោះពាណិជ្ជកម្មរបស់អ្នក។ តាមរយៈការប្រៀបធៀបស្នាដៃឬសមិទ្ធផលខ្លួនឯងជាមួយនឹងនរណាម្នាក់ដែលមានភាពល្បីល្បាញខ្លាំងជាងនៅលើបណ្តាញសង្គម អ្នកមិនត្រឹមតែធ្លាក់ទៅក្នុងអន្ទាក់នៃល្បែងដែលញៀនខ្លាំងទេ ប៉ុន្តែអ្នកក៏កំពុងតែប្រថុយនឹងការបាត់បង់សុភមង្គលរបស់ខ្លួនឯងថែមទៀត។ 

 

គ្រប់ពេលដែលអ្នកបើកបណ្តាញសង្គមមើល អ្នកនឹងឃើញអ្នកប្រើប្រាស់ផ្សេងៗដែលហាក់ដូចជាទទួលបានជោគជ័យច្រើនជាងអ្នកនៅក្នុងរបៀបផ្សេងៗ។ អ្នកក៏ចាប់ផ្តើមឆ្ងល់ថាតើអ្នកអាចទទួលបានអ្វីៗគ្រប់យ៉ាងដូចគេដោយរបៀបណា និងត្រូវធ្វើអ្វីខ្លះដើម្បីប្រកួតឈ្នះគេ។ តាមរយៈការជាប់នៅក្នុងអន្ទាក់នៃការប្រៀបធៀបនេះ អ្នកនឹងចាញ់មិនខាន។ 

 

ជំនួសមកវិញ សហគ្រិនជោគជ័យប្រើប្រាស់បណ្តាញសង្គមដោយមិនខ្វល់នឹងរឿងអស្ចារ្យរបស់អ្នកដទៃ។ គេទុកឱ្យការងាររបស់គេបង្ហាញការពិត ហើយអ្វីដែលសំខាន់គឺគេស្វែងរកការរៀនកាន់តែច្រើនជាងការអួតអាង។ 

 

៣/ កុំខ្ជះខ្ជាយពេលវេលាក្នុងរឿងអវិជ្ជមាន

របៀបល្អបំផុតដើម្បីលើកកម្ពស់ខ្លួនឯងនៅលើបណ្តាញសង្គមគឺត្រូវចងចាំថាយើងមិនមានពេលច្រើនក្នុងការសម្រេចគោលដៅរបស់យើងទេ។ ហេតុអ្វីក៏មានមនុស្សជាច្រើនខ្ជះខ្ជាយថាមពល និងពេលវេលាឈ្លក់វង្វេងនឹងរឿងអវិជ្ជមានច្រើនម៉្លេះ? ចម្លើយគឺ ការបំផ្លាញងាយស្រួលជាងការបង្កើត។

 

យើងទាំងអស់គ្នាសុទ្ធតែធ្លាប់ឃើញការបញ្ចេញអារម្មណ៍ស្អប់និងបញ្ចើចបញ្ចើគ្នានៅលើបណ្តាញសង្គម ហើយក៏ឆ្ងល់ថាហេតុអ្វីក៏មនុស្សនោះមានគំនិតអវិជ្ជមានបែបនេះ។ ចម្លើយក៏សាមញ្ញដែរ គឺគេជាមនុស្សដែលចាញ់ល្បែងនៃបណ្តាញសង្គម។ គេបាត់បង់ការយកចិត្តទុកដាក់និងការតាមដានពីអ្នកដទៃ ហើយក៏ច្រណែនឹងរូបភាពគ្មានការពិតដែលអ្នកដទៃបង្ហាញលើបណ្តាញសង្គម។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់