អភិវឌ្ឍចំណេះដឹង | October 20, 2021 | 148

សិង្ហបុរីកំពុងពិចារណាដាក់មនុស្សយន្តរក្សាសន្តិសុខនិងការពារប្រទេស

ប្រទេសសិង្ហបុរីមានផែនការពង្រីកកងកម្លាំងការពារនិងរក្សាសន្តិសុខជាតិតាមរយៈមនុស្សយន្ត ហើយបានចាប់ដៃគូជាមួយនឹងក្រុមហ៊ុន Ghost Robotics របស់សហរដ្ឋអាមេរិក។

 

 

នេះជាក្រុមហ៊ុនដែលល្បីឈ្មោះខាងផលិតប្រព័ន្ធសន្តិសុខនិងការពារជាតិដោយប្រើប្រាស់មនុស្សយន្តដែលធ្វើឱ្យសាធារណជនរំខានអារម្មណ៍នាពេលថ្មីៗតាមរយៈការបង្ហាញសុនខយន្តដែលបំពាក់ដោយកាំភ្លើង។ 

 

ទីភ្នាក់ងារសិង្ហបុរីដែលចាប់ដៃគូជាមួយនឹងក្រុមហ៊ុនអាមេរិកនោះ បានអះអាងថាភាពជាដៃគូនេះនឹងស្វែងរកឱកាសប្រើប្រាស់មនុស្សយន្តដើម្បីរក្សាសន្តិសុខ ការពារ និងប្រតិបត្តិការមនុស្សធម៌ ហើយដែលគេអាចនឹងដាក់ពង្រាយនៅក្នុងតំបន់ដែលមនុស្សពិបាកធ្វើការ។  

 

កិច្ចសហប្រតិបត្តិការនេះក៏នឹងទទួលយកមនុស្សយន្តពីក្រុមហ៊ុន Ghost Robotics ដែលបំពាក់ដោយប្រព័ន្ធបញ្ជា គ្រប់គ្រង និងទំនាក់ទំនងរបស់ទីភ្នាក់ងារវិទ្យាសាស្រ្តការពារសិង្ហបុរី ដែលប្រើប្រាស់កម្មវិធីវិភាគទិន្នន័យ ប្រាជ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាកុំព្យូទ័រដើម្បីជួយដល់ការសម្របសម្រួលនិងប្រសិទ្ធភាពនៅក្នុងអំឡុងប្រតិបត្តិការយោធា និងប្រតិបត្តិការផ្សេងទៀត។ 

 

នៅក្នុងដំណាក់កាលចាប់ផ្តើម ភាពជាដៃគូនេះនឹងសាកល្បងបង្កើតបច្ចេកវិទ្យាប្រើប្រាស់មនុស្សយន្តជើងបួនដែលអមដោយយានយន្តស្វ័យប្រវត្តិ។ បច្ចេកវិទ្យាផ្តល់ថាមពលដូចជាអាគុយ ឬកោសិកាឥន្ធនៈក៏នឹងត្រូវគេរួមបញ្ចូលដើម្បីឱ្យប្រព័ន្ធមនុស្សយន្តនេះធ្វើប្រតិបត្តិការបានយូរដែរ។ 

 

មនុស្សយន្តនេះនឹងអភិវឌ្ឍសមត្ថភាពក្នុងការការពារ និងជាជំហាននាំមុខគេនៅក្នុងសមរភូមិនៃអនាគត។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់