អភិវឌ្ឍចំណេះដឹង | October 19, 2021 | 152

ប្រទេសមីយ៉ានម៉ាត្រៀមខ្លួនបើកទទួលភ្ញៀវទេសចរ

បើទោះជាមានភាពចលាចល និងការប៉ះទង្គិចគ្នាខ្លះរវាងក្រុមអ្នកប្រយុទ្ធដើម្បីសេរីភាពនិងទាហានដែលសរុបតាំងពីដើមខែកុម្ភៈមកមានការវាយប្រហារដោយគ្រាប់បែកតាមដងផ្លូវជាង៣០០លើក ហើយសេដ្ឋកិច្ចស្ទើរតែជិតដួលរលំទៅហើយក្តី ក៏រដ្ឋាភិបាលយោធាមីយ៉ានម៉ាបានប្រកាសថាប្រទេសនេះនឹងបើកវិស័យទេសចរណ៍ឡើងវិញសម្រាប់ភ្ញៀវបរទេសនៅដើមឆ្នាំក្រោយនេះ ដោយផ្តោតដំបូងលើភ្ញៀវទេសចរពីតំបន់អាស៊ាន។ 

 

 

នៅក្នុងការប្រកាសដែលហាក់ដូចជាមិនមានរឿងអ្វីធ្ងន់ធ្ងរកើតឡើងក្នុងប្រទេសនេះ តាំងពីយោធាបានកាន់កាប់ប្រទេសនេះមក រដ្ឋមន្រ្តីសណ្ឋាគារនិងទេសចរណ៍របស់ប្រទេសនេះ បាននិយាយថាករណីឆ្លងជំងឺកូវីដ១៩ថ្មីៗដែលថយចុះកាន់តែតិចទៅបានធ្វើឱ្យគេចាប់ផ្តើមដករបាំងធ្វើដំណើរឆ្លងកាត់ខេត្តវិញ ហើយជំហានបន្ទាប់គឺការបើកព្រំដែនអន្តរជាតិ។

 

ប្រទេសមីយ៉ានម៉ានឹងត្រៀមខ្លួនសម្រាប់ការរៀបចំចាំបាច់ក្នុងការទទួលយកភ្ញៀវទេសចរជាមួយប្រទេសថៃ តាមរយៈព្រំដែនជើងគោក និងមានគោលបំណងបើកទទួលភ្ញៀវពីប្រទេសកម្ពុជា ឡាវ និងវៀតណាម នៅក្នុងត្រីមាសទីមួយឆ្នាំ២០២២ខាងមុខនេះ ប៉ុន្តែការហាមឃាត់ចំពោះជើងហោះហើរពាណិជ្ជកម្មអន្តរជាតិនៅតែអនុវត្តដដែល។ 

 

នៅក្នុងការបើកវិស័យទេសចរណ៍ឡើងវិញដំណាក់កាលទីមួយនេះ គេរំពឹងថានឹងទទួលបានភ្ញៀវទេសចរប្រហែល៣០០០០០នាក់ ហើយបើទោះជាសណ្ឋាគារនិងផ្ទះសំណាងប្រហែលពាក់កណ្តាលនៃប្រទេសនេះត្រូវគេផ្អាកដំណើរការ ក៏នៅមានបន្ទប់ប្រហែល៩០០០០អាចផ្តល់កន្លែងជូនភ្ញៀវស្នាក់នៅបានដែរ។

 

ប្រទេសមីយ៉ានម៉ាមានរដ្ឋាភិបាលយោធាចាប់តាំងពីមានរដ្ឋប្រហារនៅខែកុម្ភៈមកដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលក្រោមការដឹកនាំរបស់លោកស្រីអោងសាន ស៊ូជី។ ភាពចលាចលនយោបាយបានបន្ថែមបន្ទុកទៅលើវិបត្តិកូវីដ១៩ដែលកំពុងតែមានស្រាប់។ សេដ្ឋកិច្ចបានធ្លាក់ចុះយ៉ាងខ្លាំង ហើយក្រុមហ៊ុនអន្តរជាតិជាច្រើនក៏បានដកសាខានិងប្រតិបត្តិការចេញពីប្រទេសនេះ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់