អភិវឌ្ឍចំណេះដឹង | October 19, 2021 | 155

មូលដ្ឋានគ្រឹះទាំងបីនៃទ្រព្យសម្បត្តិនិងភាពស្តុកស្តម្ភ

តើអ្នកធ្លាប់ឆ្ងល់ទេថាតើអ្វីជារូបមន្តសម្រាប់ជីវិតដែលស្តុកស្តម្ភនិងមានបាន? មានមនុស្សច្រើននាក់ណាស់ឆ្ងល់រឿងនេះ ហើយក៏មានអត្ថបទនិងសៀវភៅជាច្រើនដែលពន្យល់បកស្រាយជុំវិញការបង្កើតទ្រព្យនិងការរស់នៅក្នុងជីវិតសម្បូរបែបដែរ។ 

 

 

ទ្រព្យសម្បត្តិជាការប្រមូលផ្តុំនិងការកាន់កាប់លុយកាក់និងធនធាន។ បើទោះជាអ្នកគិតថាវាមានន័យដូចគ្នានឹងភាពរុងរឿង ក៏ពាក្យរុងរឿងគ្របដណ្តប់ទូលំទូលាយជាង ហើយវាងាកទៅរកការប្រឹងប្រែងនិងជោគជ័យក្នុងជីវិត។ និយាយឱ្យចំគឺស្ថានភាពស្តុកស្តម្ភនៃចិត្ត។ ហេតុដូច្នេះហើយបានជាមនុស្សដែលចង់ក្លាយជាអ្នកមាន គួរតែត្រៀមខ្លួនដើម្បីក្លាយជាអ្នករុងរឿងជំនួសវិញ។ 

 

នៅក្នុងសៀវភៅ50 Prosperity Classics អ្នកនិពន្ធ Tom Butler Bowdon បានប្រមូលចំណេះដឹងនៃសៀវភៅល្អៗទាំងអស់អំពីការបង្កើតទ្រព្យសម្បត្តិ និងបំប្រួញខ្លឹមសារមកនៅត្រឹមផ្លូវទាំងបីយ៉ាងងាយស្រួលសម្រាប់គ្រប់គ្នា៖

 

១/ អ្វីៗទាំងអស់ចាប់ផ្តើមចេញពីចិត្ត

ការបង្កើតទ្រព្យពិតជាផ្តើមចេញពីចិត្តតាមរយៈគំនិត ទស្សនវិស័យ មហិច្ឆតា អត្តចរិត និងជំនឿរបស់អ្នកមែន។ អ្នកអាចទាក់ទាញឬរុញច្រានទ្រព្យដោយអាស្រ័យលើគំនិតខាងក្នុងរបស់អ្នកអំពីខ្លួនអ្នក លុយកាក់ និងការយល់ឃើញចំពោះអ្នកដទៃ។ ហេតុដូច្នេះហើយបានជាអ្នកគួរតែចាប់ផ្តើមធ្វើការលើចិត្តរបស់អ្នកជាមុន។ ការអប់រំនិងបង្កើតវិន័យសម្រាប់ចិត្តរបស់អ្នកដើម្បីសម្រេចបានជីវិតដែលស័ក្តិសមបំផុតចំពោះអ្នក និងកា្លយជាជំហានទីមួយឆ្ពោះទៅរកជីវិតដែលរុងរឿង។ 

 

ដើម្បីទទួលបានរឿងល្អដែលអ្នកប្រាថ្នាចង់បាន អ្នកត្រូវរៀបចំចិត្តរបស់អ្នកឱ្យមានសណ្តាប់ធ្នាប់ និងជម្រុះគំនិងនិងអារម្មណ៍អវិជ្ជមានទាំងអស់ចេញ។ នៅពេលអ្នកសម្អាតចិត្តស្អាតហើយ រឿងល្អៗនឹងចាប់ផ្តើមហូរចូលក្នុងជីវិតរបស់អ្នកមិនខាន។ 

 

២/ បង្កើតទ្រព្យ

ពេលនេះអ្នកបានយល់អំពីទិដ្ឋភាពផ្លូវចិត្តនៃការបង្កើតទ្រព្យហើយ អ្នកត្រូវចាប់ផ្តើមសកម្មភាពបង្កើតទ្រព្យដោយមិនអែរអង់រង់ចាំអ្វីយូរទៀតទេ។ ការចាប់ផ្តើមបង្កើតពាណិជ្ជកម្មថ្មី ឬរកស៊ីបន្ទាប់បន្សំបន្ថែមពីលើការងារដែលមានប្រាក់ខែទៀងទាត់ជាជំហានដែលជួយអ្នកបានច្រើន។ នេះជាចំណុចចាប់ផ្តើមដែលអ្នកបើអ្នកមិនមានគំនិតធំដុំអ្វីដើម្បីបង្កើតលុយទេ។ 

 

ការមានវិជ្ជាជីវៈដែលត្រឹមត្រូវក៏នឹងជួយអ្នកបានច្រើនដែរ ដូច្នេះហើយសូមកុំខកចិត្តបើអ្នកមានការងារទៀងទាត់ធ្វើ។ វាក៏ជួយអ្នកឱ្យប្រមូលទ្រព្យបានច្រើនដែរ ពីព្រោះអ្នកអាចនៅបន្តធ្វើការដដែល ហើយក៏នៅតែអាចវិនិយោគលើអចលនវត្ថុដើម្បីបង្កើនទ្រព្យ។ នៅក្នុងដំណាក់កាលនេះ សូមកុំភ្លេចសុបិនធំរបស់អ្នក។ ទោះជាកិច្ចការអ្វីក៏ដោយដែលអ្នកធ្វើ សូមចងចាំថាធ្វើឱ្យបានល្អបំផុត។ 

 

៣/ គ្រប់គ្រងទ្រព្យរបស់អ្នក

នៅពេលអ្នកចាប់ផ្តើមបង្កើតលុយ អ្នកក៏ត្រូវមានសមត្ថភាពគ្រប់គ្រងលុយនោះដែរ។ ទោះជាអ្នករកបានលុយច្រើនយ៉ាងណាក៏ដោយ ក៏អ្នកត្រូវតែរៀនរបៀបប្រើប្រាស់លុយឱ្យបានរីកចម្រើនបំផុតដែរ។ រៀននិងអនុវត្តគោលការណ៍មួយចំនួនដូចជាការសន្សំ ការវិនិយោគ និងការរស់នៅមិនសំញែងសង្គម។

 

ផ្តោតលើការបង្កើត សន្សំ និងវិនិយោគទ្រព្យជាជាងការរំពឹងចង់ធ្វើឱ្យអស្ចារ្យ។ ការរៀបចំផែនការទិញ និងការមានគម្រោងថវិកាច្បាស់លាស់នឹងជួយអ្នករក្សាលុយបានច្រើន។ បន្ទាប់មក អ្នកត្រូវយកលុយដែលសន្សំបាននោះទៅវិនិយោគ និងប្រើប្រាស់រូបមន្តយកទ្រព្យបង្កើនកូនចៅតាមរយៈការវិនិយោគបន្ថែមទៀត។

 

ប្រែសម្រួល៖ វេហា

មតិយោបល់