អភិវឌ្ឍចំណេះដឹង | October 19, 2021 | 153

គោលការណ៍ជោគជ័យដែលអ្នកមិនត្រូវភ្លេច

អ្នកមិនអាចធានាចំពោះជោគជ័យបានទេ ប៉ុន្តែអ្នកអាចពង្រីកឱកាសឱ្យជោគជ័យកើតឡើងបាន។ ឱកាសចូលចិត្តមនុស្សដែលចេះរៀបចំត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកវា។ តាមរយៈគោលការណ៍ជោគជ័យខាងក្រោមនេះ អ្នកអាចបង្កើនឱកាសជោគជ័យយ៉ាងអស្ចារ្យនៅក្នុងជីវិត៖ 

 

 

១/ ត្រៀមខ្លួន

គោលការណ៍ជោគជ័យទីមួយគឺការត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់ ពីព្រោះវាជាគ្រឹះនៃជោគជ័យ។ តាមរយៈការត្រៀមខ្លួន អញនកបង្កើតឱកាសដោយខ្លួនឯង។ នៅពេលអ្នករៀបចំលក្ខណៈគ្រប់គ្រាន់ហើយ អ្នកគ្រាន់តែបោះជំហានទៅមុខប៉ុណ្ណោះក៏ដល់គោលដៅដែរ។ ក្នុងពេលជាមួយគ្នា ការចាប់យកឱកាសធំៗដោយមិនបានត្រៀមខ្លួនមានន័យថាជការប្រថុយ គឺប្រៀបដូចជាការសាងសង់ដែលមិនចាក់គ្រឹះដែរ។ 

 

២/ ធ្វើកិច្ចការដែលអ្នកស្រឡាញ់

អ្នកត្រូវតែប្រឹងប្រែងធ្វើការឱ្យអស់ពីសមត្ថភាព ទោះជាអ្នកជ្រើសរើសធ្វើការអ្វីក៏ដោយ។ ការងារឬគម្រោងរបស់អ្នកនឹងគ្រប់ដណ្តប់លើពេលវេលានិងជីវិតរបស់អ្នក។ ហេតុដូច្នេះហើយ អ្នកត្រូវស្វែងរកកិច្ចការណាដែលអ្នករីករាយចង់ធ្វើពិតប្រាកដ គឺមិនមែនគ្រាន់តែធ្វើតាមគេនោះទេ។ 

 

៣/ ចាប់ផ្តើម

អ្នកត្រូវតែចាប់ផ្តើមនៅចំណុចណាមួយ។ ថ្ងៃនេះជាថ្ងៃល្អដើម្បីចាប់ផ្តើម។ ចាប់ផ្តើមសកម្មភាពនៅថ្ងៃនេះ និងបោះជំហានទៅរកទិសដៅដែលអ្នកចង់ទៅដល់។ ការអូសបន្លាយពេលវេលាបានត្រឹមតែជួយនាំអ្នកទៅរកបរាជ័យប៉ុណ្ណោះ។ បើអ្នកចាប់ផ្តើម និងមើលឃើញបរាជ័យបានឆាប់ យ៉ាងហោចណាស់ក៏អ្នកយកឈ្នះលើបរាជ័យនោះបានឆាប់ដែរ។ 

 

៤/ បោះជំហានទៅក្នុងទិសដៅត្រូវ

រុញច្រានអ្វីៗទាំងអស់ឱ្យប្រព្រឹត្តិទៅក្នុងទិសដៅដែលអ្នកចង់បាន។ ទោះជាការចាប់ផ្តើមដំបូងៗអ្វីៗទាំងអស់ប្រព្រឹត្តិទៅយឺតយូរយ៉ាងណាក៏មិនមែនជាបញ្ហាដែរ។ ដរាបណាគោលដៅរបស់អ្នកនៅចំពោះមុខ អ្នកនឹងទៅដល់នៅពេលណាមួយមិនខាន។ 

 

៥/ ប្រើប្រាស់ឥទ្ធិពលនៃសុបិននិងការស្រមៃរបស់អ្នក

អ្វីដែលអ្នកសុបិននិងស្រមៃចង់បាននៅថ្ងៃនេះនឹងក្លាយជាការពិតនៅថ្ងៃស្អែក។ អ្នកគ្រាន់តែប្រឹងប្រែងធ្វើការប្រែក្លាយឱ្យវាទៅជាការពិតតែប៉ុណ្ណោះ។ សុបិនរបស់អ្នកអាចមានឥទ្ធិពលលើជីវិតរបស់អ្នក បើអ្នកអនុញ្ញាត ចំណែកឯភាពរុងរឿងនៃការស្រមើស្រមៃរបស់អ្នកក៏អាចក្លាយជាការពិតបានដែរ បើអ្នកបង្កើតវា។ 

 

៦/ ផ្តោតលើការរីកចម្រើន

ឧបសគ្គដែលមើលទៅដូចជាមិនអាចជម្នះបានច្រើនតែបង្កប់ទៅដោយឱកាសដើម្បីរីកចម្រើន។ បើអ្នកហ៊ានប្រថុយជម្នះឧបសគ្គ និងដោះស្រាយបញ្ហាតាមរយៈការអភិវឌ្ឍខ្លួនឯង អ្នកនឹងឃើញខ្លួនឯងបន្តដំណើរលើផ្លូវរីកចម្រើនទៅរកគោលដៅជានិច្ច។ 

 

៧/ កំណត់ទស្សនវិស័យឱ្យច្បាស់

គិតឱ្យច្បាស់ថាអ្នកចង់ទៅដល់ចំណុចណា។ បង្កើតគោលដៅឱ្យបានច្បាស់លាស់ និងចងចាំទុកក្នុងចិត្តជានិច្ច។ តាមរយៈការស្គាល់ទិសដៅដែលអ្នកចង់ទៅដល់ អ្នកអាចបន្តសម្លឹងមើលផ្លូវបច្ចុប្បន្នរបស់អ្នក ហើយសម្រេចចិត្តថាផ្លូវនេះពិតជាជួយនាំអ្នកទៅដល់គោលដៅនោះឬអត់។

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់