អភិវឌ្ឍចំណេះដឹង | October 15, 2021 | 158

ហេតុផលដែលត្រូវឈប់រត់តាមរឿងជោគជ័យ

សាកក្រឡេកមើលជីវិតអ្នកដែលបានដើរមកដល់ចំណុចបច្ចុប្បន្ននេះ ហើយសួរខ្លួនឯងថា បើលុយកាក់មិនមែនជារឿងចាំបាច់ទេ តើអ្នកនឹងជ្រើសរើសយកអាជីព ឬរបៀបរស់នៅដូចបច្ចុប្បន្ននេះម្តងទៀតទេ? ក្រៅពីការប្រឹងប្រែងរកលុយដើម្បីដោះស្រាយបញ្ហាបំណុលឬជីវភាពប្រចាំថ្ងៃ តើមានហេតុផលអ្វីផ្សេងទៀតទេដែលជំរុញចិត្តអ្នកឱ្យស្ទុះស្ទារចង់ក្រោកពីដំណេក? នៅពេលអ្នកគិតអំពីវត្ថុដែលអ្នកទិញ តើមានសម្ភារៈណាខ្លះដែលគ្រាន់តែទុកសម្រាប់បង្អួតសង្គមតាមគេតាមឯងទេ? តើមានរបស់អ្វីដែលអ្នកមិនអាចខ្វះបានទេ? 

 

 

នៅពេលអ្នកគិតរឿងទាំងអស់នេះឱ្យស៊ីជម្រៅ គំនិតជោគជ័យជាកម្លាំងរុញច្រានឱ្យមនុស្សភាគច្រើនប្រឹងប្រែងធ្វើការ លះបង់ទំនាក់ទំនង និងមិនគិតចំពោះសុខភាព។ តើការលះបង់ទាំងនេះសមនឹងតម្លៃទេ? តើអ្នកទទួលបានសុភមង្គលកាន់ច្រើនជាងមុនដែរទេ? ឥឡូវយើងសាកមកមើលហេតុផលមួយចំនួនដែលគួរតែឈប់រត់តាមជោគជ័យទាំងអស់នេះ និងធ្វើកិច្ចការដែលមានតម្លៃពិតប្រាកដវិញ៖

 

១/ អ្នកមិនមែនរត់តាមជោគជ័យរបស់ខ្លួនឯងទេ

បណ្តាញផ្សព្វផ្សាយដើរតួយ៉ាងខ្លាំងក្នុងការកំណត់ថាជោគជ័យមានរូបរាងដូចម្តេចចំពោះមនុស្សភាគច្រើន។ នៅក្នុងវីដេអូចម្រៀង គេឃើញមនុស្សប្រុសស្រីហ៊ឺហា ជិះរថយន្តទំនើប រស់ក្នុងវិឡាធំទូលាយ មានគ្រឿងអលង្ការរាប់មិនអស់ និងប្រើប្រាស់សុទ្ធតែរបស់ថ្លៃៗ។ បណ្តាញសង្គមពោរពេញដោយរូបភាពរបស់មនុស្សធ្វើដំណើរកម្សាន្តទៅកន្លែងប្លែកៗ ស្នាក់នៅក្នុងកន្លែងស្រស់ស្អាត និងធ្វើសកម្មភាពបែបរីករាយ។ 

 

ច្បាស់ណាស់ថានិយមន័យជោគជ័យចំពោះមនុស្សភាគច្រើនសំដៅលើអ្វីៗទាំងអស់នេះ។ ប៉ុន្តែការពិតប្រហែលមិនចាំបាច់ត្រូវតែបែបនេះទេ។ តើអ្នកធ្លាប់គិតថាជោគជ័យមានរូបរាងដូចម្តេចចំពោះអ្នកទេ? ប្រហែលវាដូចការបង្ហាញទាំងអស់ខាងលើនេះ ប៉ុន្តែវាអាចមានន័យផ្សេងពីនេះទៅវិញ។ ប្រហែលជោគជ័យសម្រាប់អ្នកជាការមានពេលគ្រប់គ្រាន់នៅជាមួយគ្រួសារ ឬជាការរស់នៅក្នុងកន្លែងស្ងប់ស្ងាត់ដែលគ្មានការរំខាន ហើយអាចដាំបន្លែធ្វើចម្ការចិញ្ចឹមជីវិតដោយខ្លួនឯង។ ហើយជោគជ័យក៏អាចមានន័យថាជាការជួយមនុស្សដែលអភព្វជាងអ្នកដែរ។ 

 

២/ វាដាក់សម្ពាធមិនចាំបាច់លើអ្នក

អ្នកត្រូវតែទៅឱ្យដល់ ឬសម្រេចឱ្យបានស្នាដៃមួយចំនួន បើមិនដូច្នេះទេ ជីវិតអ្នកនឹងបរាជ័យ។ នេះជាសារបង្កប់ពីក្រោយគំនិតជោគជ័យនៅក្នុងសម័យនេះ។ ពិតណាស់ថាវាជាសារដែលល្អនិងមានភាពប្រាកដនិយម ប៉ុន្តែលទ្ធផលនៃការប្រកាន់យកគំនិតបែបនេះគឺនាំទៅរកសម្ពាធអារម្មណ៍ ក្តីកង្វល់ ភាពអន្ទះសា និងបញ្ហានៃការឱ្យតម្លៃខ្លួនឯងដែលធ្វើតែតាមចរន្តសង្គម។ ការយល់បែបនេះធ្វើឱ្យយើងចង់បានជោគជ័យយ៉ាងខ្លាំងរហូតដល់លែងខ្វល់ខ្វាយនឹងការពិតនៅចំពោះមុខ។ 

 

មហិច្ឆតាចង់បានជោគជ័យរុញច្រានអ្នកឱ្យខំប្រឹងប្រែង ប៉ុន្តែតើមានរឿងអ្វីកើតឡើងនៅពេលមិនអាចសម្រេចបាន? អ្នកនឹងធ្លាក់ទៅក្នុងការខកចិត្ត បាក់ទឹកចិត្ត និងមានអារម្មណ៍ថាដូចជាខ្ជះខ្ជាយពេលវេលាក្នុងជីវិតរបស់អ្នកចោល។ និយាយឱ្យងាយស្តាប់គឺទម្ងន់នៃជោគជ័យតែងតែធ្ងន់ហួសបន្ទុកដែលអ្នកអាចទ្រាំទ្រស្ពាយបាន។ 

 

៣/ អ្នកយល់ជោគជ័យថាជាសុភមង្គល

នៅពេលអ្នកទទួលបានជោគជ័យ អ្នកនឹងមានសុភមង្គល។ អ្នកនឹងមានអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការដើម្បីមានសុភមង្គល។ នៅពេលអ្នកសម្រេចបានគោលដៅទាំងអស់ដែលអ្នកចង់បាន អ្នកនឹងអាចសម្រាកយ៉ាងមានសុភមង្គល។ អ្នកប្រឹងប្រែងពេលនេះ ហើយនឹងទទួលបានសុភមង្គលនៅពេលក្រោយ។ យ៉ាងហោចណាស់ អ្នកប្រាប់ខ្លួនឯងរឿងទាំងអស់។ 

 

តាមពិតទៅជីវិតរបស់អ្នកកំពុងតែជួបការលំបាកយ៉ាងខ្លាំង។ អ្នកមិនអាចចាំបានថាពេលណាមួយដែលអ្នកបានសម្រាកយ៉ាងស្ងប់ស្ងាត់នោះទេ។ អ្នកស្ទើរតែមិនអាចចាំបានថាគ្រួសាររបស់អ្នកមានស្ថានភាពដូចម្តេចទេ។ ហើយសម្ពាធឈាមរបស់អ្នកក៏ឡើងចុះកម្រិតគ្រោះថ្នាក់ដែរ។ ប៉ុន្តែទាំងអស់នេះជាការលះបង់ដើម្បីទទួលបានជោគជ័យមែនទេ? អ្នកចាត់ទុកជោគជ័យថាជាសុភមង្គល។ ប៉ុន្តែអ្នកត្រូវឈប់រត់តាមជោគជ័យដោយសារអ្នកគិតថាវានឹងធ្វើឱ្យអ្នកទទួលបានសុភមង្គល។ វាមិនអាចទៅរួចទេ។ 

 

៤/ អ្នកកំពុងតែប្រឹងប្រែងដើម្បីអះអាងប្រាប់នរណាម្នាក់

ប្រហែលជាម្តាយឪពុក ចៅហ្វាយនាយដំបូង គ្រូបង្រៀនណាម្នាក់នៅវិទ្យាល័យ ឬមនុស្សសំខាន់ណាម្នាក់ដែលធ្លាប់មើលស្រាលអ្នក។ ទោះជានរណាក៏ដោយ គេប្រាកដជាបានធ្វើឱ្យអ្នកឈឺចាប់ខ្លាំងដោយសារអ្នកចំណាយពេលច្រើនបំផុតនៃជីវិតរបស់អ្នកដើម្បីរត់តាមជោគជ័យដោយគ្រាន់តែចង់បញ្ជាក់ប្រាប់ថាការមើលស្រាលរបស់គេចំពោះអ្នកខុសហើយ។ អ្នកប្រឹងប្រែងធ្វើការច្រើនជាងមនុស្សដទៃ ដើម្បីបង្ហាញថាគេវាយតម្លៃអ្នកខុសហើយ កាលពី៥ឆ្នាំ ០ឆ្នាំ ឬ២០ឆ្នាំមុននោះ។ អ្នកខំប្រឹងប្រមូលឋានៈសង្គមដើម្បីជាភស្តុតាងបញ្ជាក់ថាអ្នកមានតម្លៃជាងអ្វីដែលគេធ្លាប់មើលឃើញ។ 

 

សុខភាពរបស់អ្នកធ្លាក់ចុះ ទំនាក់ទំនងរបស់អ្នកក៏មិនសូវល្អ ប៉ុន្តែយ៉ាងហោចណាស់ក៏មនុស្សដែលធ្លាប់មើលងាយអ្នកដឹងថាពួកគេខុសហើយ។ ឈប់រត់តាមជោគជ័យដោយសារអ្នកដទៃទៀតទៅ។ ប្រហែលគេមិនខ្វល់ ឬមិនចងចាំថាគេបាននិយាយអ្វីខ្លះចំពោះអ្នកទេ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់