អភិវឌ្ឍចំណេះដឹង | October 15, 2021 | 171

ក្បួនកំណត់ព្រំដែនការងារនិងជីវិតសម្រាប់អ្នកធ្វើការនៅផ្ទះ

តុល្យភាព ជាគំនិតភាន់ច្រឡំដែលមនុស្សយើងភាគច្រើនយល់ថាត្រូវតែមានដើម្បីធ្វើឱ្យជីវិតជោគជ័យនិងមានសុភមង្គលពិតប្រាកដ។ ប៉ុន្តែកម្រមានមនុស្សដឹងថាត្រូវសម្រេចតុល្យភាពនេះបានដោយរបៀបណា។ មានអ្នកជំនាញជាច្រើនដែលប្រាប់របៀបសម្រេចបានតុល្យភាពនេះ ប៉ុន្តែប្រសិទ្ធភាពនិងនិរន្តរភាពនៃតុល្យភាពនោះនៅតែមិនអាចក្លាយជាការពិតបាន។ 

 

 

ការស្វែងរកតុល្យភាពល្អរវាងការងារនិងជីវិតជាកិច្ចការលំបាកខ្លាំង។ រឿងនេះកាន់តែលំបាកខ្លាំងថែមទៀតនៅពេលអ្នកធ្វើការនៅផ្ទះ។ ការសិក្សាមួយក្នុងពេលថ្មីៗនេះបង្ហាញថាមនុស្សធ្វើការនៅផ្ទះចំនួន៧៧ភាគរយជួបបញ្ហាធ្វើការលើសកម្រិតដែលនាំឱ្យខូចទាំងប្រសិទ្ធភាពការងារនិងសុខភាពផ្ទាល់ខ្លួន ទាំងផ្លូវកាយនិងផ្លូវចិត្ត។ 

 

ទោះជាយ៉ាងណា ខាងក្រោមនេះជាមធ្យោបាយងាយៗមួយចំនួនដែលអាចជួយអ្នកឱ្យសម្រេចបានតុល្យភាពការងារនិងជីវិត ដែលអ្នកកំពុងតែត្រូវការយ៉ាងខ្លាំង៖

 

១/ ខណ្ឌចែកឱ្យដាច់រវាងកន្លែងធ្វើការក្នុងផ្ទះ

នៅពេលកំណត់ព្រំដែនការងារនិងជីវិត ពេលខ្លះការខណ្ឌចែកបន្ទប់ឬកន្លែងធ្វើការឱ្យច្បាស់ក៏ជួយបានច្រើនដែរ។ កំណត់កន្លែងណាមួយក្នុងផ្ទះរបស់អ្នកសម្រាប់ធ្វើជាការិយាល័យ។ កន្លែងធ្វើការនេះមិនចាំបាច់មានទំហំឬសម្ភារៈគ្រប់ដូចការិយាល័យពិតប្រាកដនោះទេ។ អ្នកអាចប្រើប្រាស់បន្ទប់គេង ឬយកវាំងននបាំង ដោយធ្វើយ៉ាងណាកុំឱ្យមានភាពរាយប៉ាយនៅកន្លែងធ្វើការនេះគឺគ្រប់គ្រាន់ហើយ។ ការមានព្រំដែនដែលអាចមើលឃើញបែបនេះក៏ជួយបង្កើតព្រំដែនក្នុងចិត្តអ្នកដែរ គឺជួយឱ្យអ្នកផ្តោតចិត្តលើការងារទាំងស្រុងពេលចូលក្នុងកន្លែងនេះ។ 

 

២/ កំណត់ពេលសម្រាប់ធ្វើការ

ពេលធ្វើការនៅផ្ទះ អ្នកងាយនឹងចង់គេងឬចូលធ្វើការយឺតម៉ោងណាស់។ បើទោះជាអត្ថប្រយោជន៍មួយពីជម្រើសការងារពីចម្ងាយគឺការងារអាចបត់បែនតាមជីវិតរបស់អ្នក ក៏ពេលខ្លះរឿងផ្ទុយពីនេះអាចកើតឡើងបានដែរ។ អ្នកងាយនឹងភ្លេចខ្លួនដាក់កុំព្យូទ័រក្បែរខ្លួនហើយបន្តបង្ហើយការងារដល់យប់ជ្រៅមុនពេលចូលគេង។ ការសិក្សាមួយបង្ហាញថាការប្រើប្រាស់កុំព្យូទ័រ ទូរសព្ទដៃ ឬកញ្ចក់បច្ចេកវិទ្យាមុនពេលគេងជះឥទ្ធិពលអវិជ្ជមានលើគុណភាពនៃដំណេក។ ការកំណត់ម៉ោងពេលសម្រាកពីការងារសមរម្យជាតម្រូវការចាំបាច់ដើម្បីទទួលបានតុល្យភាព។ បញ្ចប់ការងារក្នុងរបៀបដែលអ្នកអាចមានពេលគ្រប់គ្រាន់រីករាយជាមួយគ្រួសារ ទទួលទានអាហារជុំគ្នា និងមានពេលធ្វើសកម្មភាពផ្ទាល់ខ្លួនផ្សេងទៀតជាតម្រូវការរបស់អ្នក។ 

 

៣/ ស្ពាយការងារតាមខ្លួនពេលធ្វើដំណើរ

បើវិបត្តិកូវីដ១៩បានបង្រៀនមេរៀនអ្វីមួយដល់មនុស្សគឺថាយើងអាចធ្វើការបានស្ទើរតែគ្រប់ទីកន្លែង។ កន្លែងធ្វើការរួមជាច្រើនចាប់ផ្តើមទទួលបានការពេញនិយមដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការចេញពីផ្ទះទៅក្រៅម្តងម្កាល។ បើកន្លែងធ្វើការរួមមិនមែនជាជម្រើសរបស់អ្នក បណ្ណាល័យ ឬទីសាធារណៈដែលអាចផ្តល់បរិយាកាសសមរម្យសម្រាប់ធ្វើការក៏អាចក្លាយជាការិយាល័យចល័តរបស់អ្នកបានដែរ។ អ្វីដែលអ្នកត្រូវការគឺបណ្តាញអ៊ីនថឺណិតចល័ត ឧបករណ៍ស្តាប់សំឡេង និងកន្លែងសម្រាប់ដាក់កុំព្យូទ័រ។ ការយកការងារទៅធ្វើនៅក្រៅផ្ទះមួយថ្ងៃឬពីរថ្ងៃក្នុងមួយសប្តាហ៍ក៏អាចមានប្រយោជន៍ចំពោះអ្នកដែរ ជាពិសេសបើអ្នកមានកូននៅផ្ទះ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់