អចលនទ្រព្យ | September 25, 2021 | 166

កត្តាសំខាន់ៗដែលត្រូវមើលក្នុងពេលវិនិយោគលើអចលនវត្ថុ

តើចំណុចសំខាន់អ្វីខ្លះដែលត្រូវសម្លឹងមើលនៅក្នុងអចលនវត្ថុ? ទីតាំងតែងតែជាចំណុចគន្លឹះដែលត្រូវពិចារណាមែនហើយ ប៉ុន្តែក៏នៅមានកត្តាផ្សេងទៀតដែលអាចជួយកំណត់ដឹងថាការវិនិយោគនោះត្រឹមត្រូវសម្រាប់អ្នកឬអត់។ ខាងក្រោមនេះជាចំណុចសំខាន់ៗមួយចំនួនដែលត្រូវពិចារណា បើអ្នកមានផែនការវិនិយោគក្នុងទីផ្សារអចលនវត្ថុ៖

 

 

១/ ទីតាំងរបស់អចលនវត្ថុ

ហេតុអ្វីក៏ទីតាំងជាចំណុចសំខាន់? ទីតាំងដែលងាយស្រួលចេញចូល មានកន្លែងទូលាយ មានទេសភាពស្រស់ស្អាត និងមានសុវត្ថិភាព ជាកត្តាដែលជួយឱ្យអចលនវត្ថុសម្រាប់ស្នាក់នៅមានតម្លៃខ្ពស់។ ចំណែកទីតាំងដែលនៅក្បែរផ្សារ ចំណុចប្រសព្វនៃការដឹកជញ្ជូន មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងស្ថិតនៅក្នុងតំបន់ដែលើកលែងពន្ធទៀតជាចំណុចទាក់ទាញសម្រាប់អចលនវត្ថុពាណិជ្ជកម្ម។ គន្លឹះក្នុងការពិចារណាទីតាំងអចលនវត្ថុគឺទស្សនវែងឆ្ងាយទាក់ទងនឹងរបៀបដែលតំបន់នោះត្រូវអភិវឌ្ឍនៅពេលខាងមុខ។  

 

២/ ការវាយតម្លៃអចលនវត្ថុ

ការវាយតម្លៃអចលនវត្ថុជាចំណុចសំខាន់សម្រាប់ហិរញ្ញវត្ថុនៅក្នុងអំឡុងពេលទិញ ការកំណត់តម្លៃដាក់លក់ ការវិភាគអំពីការវិនិយោគ ការធានារ៉ាប់រង និងការបង់ពន្ធ។ អ្វីៗទាំងអស់នេះស្ថិតនៅលើការការវាយតម្លៃអចលនវត្ថុ។ តើអ្នកគួរសម្លឹងរកមើលអ្វីខ្លះក្នុងការវាយតម្លៃអចលនវត្ថុ? មានវិធីសាស្រ្តបីដែលគេប្រើជាទូទៅក្នុងការវាយតម្លៃអចលនវត្ថុ គឺវិធីសាស្រ្តប្រៀបធៀបតម្លៃលក់ វិធីសាស្រ្តប្រៀបធៀបថ្លៃដើម និងវិធីសាស្រ្តប្រៀបធៀបចំណូល។ 

 

៣/ គោលបំណងនៃការវិនិយោគ

កង្វះខាតភាពច្បាស់លាស់ក្នុងការវិនិយោគអាចនឹងនាំទរកលទ្ធផលដែលមិនបានរំពឹងទុក មានដូចជាបញ្ហាហិរញ្ញវត្ថុ ជាពិសេសប្រសិនបើការវិនិយោគនោះជាកម្ចី។ តើអ្នកត្រូវសម្លឹងរកមើលអ្វីខ្លះ? កំណត់រកមើលថាតើគោលបំណងខាងក្រោមនេះ មួយណាសមនឹងអ្នក បន្ទាប់មករៀបចំផែនការទៅតាមនោះ៖ ទិញដើម្បីលក់ភ្លាម ទិញដើម្បីដាក់ជួល ទិញដើម្បីរង់ចាំឡើងថ្លៃទើបលក់។ 

 

៤/ លំហូរសាច់ប្រាក់និងឱកាសចំណេញ

លំហូរសាច់ប្រាក់ឆ្លុះបញ្ចាំងចំនួនលុយដែលអ្នកមានក្រោយពីចំណាយរួច។ លំហូរសាច់ប្រាក់វិជ្ជមានជាគន្លឹះចំពោះអត្រាល្អនៃផលចំណេញពីការវិនិយោគ។ តើអ្នកគួរតែសម្លឹងរកមើលចំណុចអ្វីខ្លះ? បង្កើការព្យាករទុកមុនក្នុងរបៀបនៃផលចំណេញនិងការចំណាយដូចតទៅនេះ៖ លំហូរសាច់ប្រាក់ដែលរំពឹងទុកពីការជួល ការបង្កើនតម្លៃក្រោយពីរក្សាទុកបានយូរ ផលចំណេញពីការឡើងតម្លៃជាទូទៅ ការវិភាគថ្លៃដើមនិងផលចំណេញនៃការកែច្នៃនិងជួលជុលមុនលក់ និងការវិភាគថ្លៃដើមនិងផលចំណេញនៃកម្ចី។ 

 

៥/ ទីផ្សារអចលនវត្ថុជាទូទៅ

ដូចការវិនិយោគប្រភេទផ្សេងទៀតដែរ ការទិញក្នុងតម្លៃទាបនិងលក់វិញក្នុងតម្លៃខ្ពស់ជាការវិនិយោគដែលមានផលចំណេញ។ ទីផ្សារអចលនវត្ថុតែងតែឡើងចុះ ហេតុដូច្នេះហើយ ការតាមទាន់និងដឹងចរន្តទីផ្សារជារឿងសំខាន់ណាស់។ ការសំខាន់មួយទៀតគឺត្រូវយកចិត្តទុកដាក់លើអត្រាកម្ចីពីធនាគារដើម្បីអ្នកអាចបន្ថយចំណាយបានខ្លះ។ ចំណុចដែលអ្នកគួរតែសម្លឹងរកមើលគឺ តម្លៃផ្ទះ សកម្មភាពសាងសង់ថ្មីៗ អចលនវត្ថុដែលមានស្រាប់ក្នុងទីផ្សារ អត្រាកម្ចីនៅធនាគារ និងសកម្មភាពផ្សេងទៀតនៅក្នុងទីផ្សារ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់