អចលនទ្រព្យ | September 24, 2021 | 153

វិធីសាស្រ្តក្លាយជាភ្នាក់ងារអចលនវត្ថុលេចធ្លោជាងគេ

មានហេតុផលល្អៗច្រើនណាស់ដើម្បីក្លាយជាភ្នាក់ងារអចលនវត្ថុ។ អ្នកអាចបង្កើតម៉ោងពេលធ្វើការដោយខ្លួនឯង រកលុយបានច្រើន និងជួយមនុស្សស្វែងរកផ្ទះដែលគេត្រូវការថែមទៀត។ ហើយបើអ្នកប្រឹងប្រែងដើម្បីក្លាយជាភ្នាក់ងារអចលនវត្ថុដ៏ល្អម្នាក់ អ្នកនឹងមានចំណុចដែលត្រូវអភិវឌ្ឍជានិច្ច។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលជួយឱ្យអ្នកក្លាយជាភ្នាក់ងារអចលនវត្ថុដែលល្អបំផុតក្នុងតំបន់។

 

 

១/ រៀនសិល្បៈនៃទំនាក់ទំនង

ទំនាក់ទំនងល្អមានសារៈសំខាន់ណាស់ក្នុងពាណិជ្ជកម្មគ្រប់ប្រភេទ ប៉ុន្តែក្នុងវិស័យអចលនវត្ថុ វាជាជំនាញដែលមិនអាចខ្វះបាន។ អតិថិជនមិនចង់ធ្វើការជាមួយភ្នាក់ងារដែលរវល់ខ្លាំងពេករហូតដល់គ្មានពេលស្តាប់គេនិយាយនោះទេ។ ការលក់ឬទិញអចលនវត្ថុមួយកន្លែងជារឿងដែលទាក់ទងនឹងអារម្មណ៍ខ្លាំងណាស់ ទោះជាអចលនវត្ថុនោះជាកន្លែងធ្វើការ ឬជាផ្ទះរបស់គេក៏ដោយ។ មនុស្សចង់ឱ្យអ្នកស្តាប់គេនិងដឹងតម្រូវការរបស់គេ។ តួនាទីរបស់អ្នកមិនមែនគ្រាន់តែជួយលក់ឬទិញផ្ទះគេទេ ប៉ុន្តែអ្នកត្រូវជួយសម្រាកទុកលំបាករបស់គេថែមទៀត។ 

 

មនុស្សទាំងនេះជឿជាក់និងទុកចិត្តលើអ្នក ហើយបើអ្នកមិនស្តាប់គេទេ គេនឹងខឹងឬអាក់អន់ចិត្តមិនខាន។ គោលដៅរបស់អ្នកគឺត្រូវធ្វើយ៉ាងណាឱ្យអតិថិជនសប្បាយចិត្តដើម្បីគេណែនាំអ្នកទៅមនុស្សផ្សេងទៀតដែលគេស្គាល់នៅពេលគេត្រូវការ។ មនុស្សមិនទិញទំនិញពីពាណិជ្ជកម្មទេ ប៉ុន្តែគេទិញពីមនុស្ស។ ដើម្បីក្លាយជាមនុស្សដែលគេចូលចិត្តនិងអាចជឿជាក់បាន អ្នកត្រូវតែរៀនស្តាប់។  

 

២/ បង្កើតភាពជាដៃគូ

ដើម្បីក្លាយជាភ្នាក់ងារអចលនវត្ថុដ៏ល្អម្នាក់ ដំបូងអ្នកត្រូវដឹងថាអញនកមិនអាចធ្វើកិច្ចការគ្រប់យ៉ាងតែម្នាក់ឯងបានទេ។ គ្មាននរណាម្នាក់ទទួលបានជោគជ័យក្នុងកិច្ចការអ្វីមួយទេ លុះត្រាតែគេមានការគាំទ្រត្រឹមត្រូវ។ ជាទូទៅ ការគាំទ្របែបនេះកើតឡើងក្នុងទម្រង់ជាការបង្កើតភាពជាដៃគូជាមួយមនុស្សដែលស្មគ្រចិត្តជួយអ្នក។ ហើយក៏មានន័យថាអ្នកស្មគ្រចិត្តជួយគេឱ្យទទួលបានជោគជ័យក្នុងពាណិជ្ជកម្មរបស់គេវិញដែរ។ បង្កើតបណ្តាញទំនាក់ទំនងជាមួយមនុស្សដែលផ្តល់កម្ទីទិញផ្ទះ និងមនុស្សនៅក្នុងឧស្សាហកម្មផ្សេងទៀតដូចជាជាងសំណង់ អ្នករចនា និងអ្នកផ្តល់សេវាកម្មគ្រប់យ៉ាងទាក់ទងនឹងផ្ទះ និងអគារពាណិជ្ជកម្ម។  

 

មនុស្សទាំងអស់នេះអាចណែនាំអំពីសេវារបស់អ្នកទៅកាន់អតិថិជនរបស់គេ។ ហើយអ្នកក៏អាចណែនាំអតិថិជនរបស់អ្នកអំពីសេវាកម្មរបស់គេវិញដែរ។ អ្នកក៏អាចចូលរួមគ្នាដើម្បីធ្វើទីផ្សារទៅកាន់ក្រុមមនុស្សគោលដៅដោយចំណាយអស់ត្រឹមតែមួយភាគនៃការធ្វើយុទ្ធនាការទីផ្សារតែម្នាក់ឯង។ 

 

៣/ រក្សាទំនាក់ទំនងល្អ

បើទោះជាអតិថិជនរកបានផ្ទះដែលគេស្រឡាញ់ហើយក៏ដោយ ក៏រឿងសំខាន់គឺអ្នកត្រូវរក្សាទំនាក់ទំនងល្អជាមួយគេជានិច្ចដែរ។ អ្នកមិនចាំបាច់ទូរសព្ទទៅមនុស្សគ្រប់គ្នាគ្រប់ពេលនោះទេ។ ការសាកសួរសុខទុក្ខម្តងម្កាលនៅក្នុងឱកាសពិសេសៗក៏គ្រប់គ្រាន់ដែរ គឺគ្រាន់តែធ្វើយ៉ាងណាឱ្យគេដឹងថាអ្នកនៅបន្តធ្វើពាណិជ្ជកម្មដដែលនេះ។ នៅពេលមនុស្សយល់ថាអ្នកយកចិត្តទុកដាក់ពិតប្រាកដចំពោះគេ គេនឹងចង់ណែនាំសេវាកម្មរបស់អ្នកដល់បងប្អូននិងមិត្តភក្តិផ្សេងទៀតរបស់គេមិនខាន។ 

 

៤/ បង្កើតវត្តមាននៅលើអ៊ីនថឺណិត

បើអ្នកមិនមានវត្តមាននៅលើអ៊ីនថឺណិតទេ អ្នកមិនអាចក្លាយជាភ្នាក់ងារអចលនវត្ថុដែលខ្លាំងពូកែបានទេក្នុងពេលបច្ចុប្បន្ននេះ។ បង្កើតគណនីលើបណ្តាញសង្គម និងបង្ហាញស្នាដៃនិងបទពិសោធន៍ការងាររបស់អ្នកឱ្យបានទូលំទូលាយ។ ទោះជាយ៉ាងណា អ្នកត្រូវធ្វើយ៉ាងណារក្សាភាពស៊ីចង្វាក់គ្នានៃវត្តមាននិងសាវតារការងារនៅគ្រប់បណ្តាញសង្គមទាំងអស់ដែលអ្នកមាន។ បើចង់ឱ្យកាន់តែប្រសើរជាងនេះទៀត អ្នកគួរតែមានគេហទំព័រមួយដែលអាចចែករំលែកព័ត៌មានបានច្រើនអំពីអ្នកនិងពាណិជ្ជកម្មរបស់អ្នក។ ធ្វើយ៉ាងណារចនាគេហទំព័រនោះឱ្យមានលក្ខណៈវិជ្ជាជីវៈខ្ពស់បំផុត។ ការបង្កើតវត្តមានលើអ៊ីនថឺណីតជួយឱ្យការធ្វើទីផ្សាររបស់អ្នកកាន់តែមានភាពងាយស្រួល។ 

 

៥/ ថែទាំខ្លួនឯងដើម្បីក្លាយជាភ្នាក់ងារល្អ

ការធ្វើជាចៅហ្វាយនាយដោយខ្លួនឯងជារឿងល្អផងនិងរវល់ខ្លាំងផង។ ទោះជាយ៉ាងណាអ្នកមិនត្រូវភ្លេចយកចិត្តទុកដាក់ចំពោះខ្លួនឯងនោះទេ។ សម្រាកឱ្យបានគ្រប់គ្រាន់នៅពេលយប់ រៀបចំកំណត់ផែនការអាហារដើម្បីទទួលទានអាហារដែលល្អសម្រាប់សុខភាពយ៉ាងហោចណាស់៨០ភាគរយ។ កំណត់ពេលហាត់ប្រាណឱ្យបានទៀងទាត់ និងអនុវត្តតាមវិធីសាស្រ្តទាំងបុរាណទាំងទំនើបដើម្បីធ្វើយ៉ាងណាឱ្យអ្នករក្សាបានទាំងសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត និងសុខភាពស្មារតី។ ការធ្វើបែបនេះជាការជួយឱ្យអ្នកមានថាមពលគ្រប់គ្រាន់ដើម្បីផ្តោតចិត្តលើការងារផង និងអាចក្រោកចាប់ផ្តើមជាថ្មីទៀតបានក្រោយពេលជួបបញ្ហាអាក្រក់ខុសពីការគ្រោងទុកផង។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់