អចលនទ្រព្យ | September 22, 2021 | 187

អចលនវត្ថុនៅតំបន់អាស៊ីត្រៀមខ្លួនស្ទុះឡើងវិញពីវិបត្តិកូវីដ១៩

រយៈពេលជិត២ឆ្នាំមកនេះជាពេលវេលាដែលលំបាកខ្លាំងចំពោះសកម្មភាពសេដ្ឋកិច្ច ជាពិសេសវិស័យអចលនវត្ថុ ដោយសារវិធានការណ៍បិទខ្ទប់។ ការធ្វើដំណើររបស់មនុស្សទៅកាន់កន្លែងផ្សេងៗត្រូវរារាំង ហើយចរន្តនៃការងារធ្វើនៅផ្ទះ និងពាណិជ្ជកម្មតាមអ៊ីនថឺណិតក៏កើនឡើងយ៉ាងរហ័ស។ បើទោះជាពេលវេលាដែលយើងបានឆ្លងកាត់លំបាកយ៉ាងណា ក៏ពេលនៅខាងមុខពោរពេញដោយសុទិដ្ឋិនិយមដែរ ជាពិសេសសម្រាប់វិស័យអចលនវត្ថុអាស៊ី។ 

 

 

ក្រុមអ្នកជំនាញសេដ្ឋកិច្ចរំពឹងថាកម្លាំងសេដ្ឋកិច្ចអាស៊ីនឹងដឹកមុខការស្ទុះងើបឡើងវិញនៃចរន្តសេដ្ឋកិច្ចសកល។ យោងតាមការប៉ាន់ស្មានរបស់ធនាគារសិង្ហបុរី គេរំពឹងថាសេដ្ឋកិច្ចចិននឹងកើនឡើងក្នុងកម្រិតជាង៨ភាគរយនៅចុងឆ្នាំនេះ ហើយកន្លែងផ្សេងទៀតនៅក្នុងតំបន់អាស៊ីក៏គេរំពឹងថានឹងស្ទុះឡើងជិតដល់៨ភាគរយដែរ។ 

 

ការអនុវត្តកម្មវិធីចាក់វ៉ាក់សាំងជាសកល ការវិលត្រឡប់ទៅរកស្ថានភាពប្រក្រតីវិញបន្តិចម្តងៗអាចនឹងខិតមកកាន់តែជិត។ ស្ថានភាពប្រសើរនេះនឹងផ្តល់ប្រយោជន៍ដល់វិស័យអចលនវត្ថុ ខណៈដែលសកម្មភាពជួលកន្លែងលក់ដូរតាមហាងទំនិញចាប់ផ្តើមកម្រើកឡើងវិញ ហើយការជួលការិយាល័យក៏ចាប់ផ្តើមមានជាបណ្តើរៗ ស្របពេលដែលការរឹតបន្តឹងសង្គមក៏មានភាពធូរស្រាលជាងមុន។ 

 

ទោះជាយ៉ាងណា ផ្នែកភស្តុភានិងមជ្ឈមណ្ឌលទិន្នន័យនឹងបន្តទទួលបានប្រយោជន៍ពីចរន្តពាណិជ្ជកម្មតាមអ៊ីនថឺណិតនិងការទទួលយកបច្ចេកវិទ្យាយ៉ាងទូលំទូលាយ។ ដោយសារវិស័យអចលនវត្ថុមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងចរន្តឡើងចុះនៃសេដ្ឋកិច្ចជាទូទៅ គេក៏អាចរំពឹងបានដែរថា វិស័យមួយនេះនឹងស្ទុះងើបឡើងជាជាផ្នែកមួយនៃចរន្តទូទៅផងនិងជាមធ្យោបាយនៃការប្រឆាំងនឹងអតិផរណាផង។ 

 

តម្រូវការផ្នែកអចលនវត្ថុដែលកើនឡើងដោយជៀសមិនរួចនេះមានកត្តាជំរុញល្អពីកំណើនប្រជាពលរដ្ឋ ការរីកកាន់តែធំនៃទីប្រជុំជន និងជីវភាពអ្នកមានថ្នាក់មធ្យមក៏កើនឡើងកាន់តែច្រើន។ យោងតាមការព្យាកររបស់អង្គការសហប្រជាជាតិ អត្រាកំណើនទីប្រជុំជនអាស៊ីនឹងកើនឡើងពី៥១,១ភាគរយនៅឆ្នាំ២០២០ ទៅ៥៦,៧ភាគរយនៅឆ្នាំ២០៣០ ហើយឡើងដល់៦៦,២ភាគរយនៅឆ្នាំ២០៥០។ កំណើនទីប្រជុំជននៅចន្លោះពីឆ្នាំ២០២០និង២០៣០នឹងមានកម្លាំងធំបំផុតនៅក្នុងតំបន់អាស៊ី បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត។ 

 

បើទោះជាអនាគតពោរពេញដោយភាពត្រចះត្រចង់ខ្លាំងក្នុងវិស័យអចលនវត្ថុ ក៏គេគួរចងចាំហានីភ័យទុកក្នុងចិត្តជានិច្ចដែរ។ ផ្លូវទៅរកស្ថានភាពប្រក្រតីប្រហែលមិនរាបស្មើទេ ហើយល្បឿននៃការងើបឡើងវិញរបស់សេដ្ឋកិច្ចក៏ពឹងផ្អែកយ៉ាងខ្លាំងលើល្បឿននៃការចាក់វ៉ាក់សាំងកូវីដ១៩ដែរ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់