អចលនទ្រព្យ | September 21, 2021 | 151

ជំហានចាប់ផ្តើមវិនិយោគក្នុងអចលនវត្ថុ

អចលនវត្ថុជាមធ្យោបាយដ៏គួរឱ្យទុកចិត្តបំផុតដើម្បីក្លាយជាអ្នកមាន។ សូម្បីតែសេដ្ឋីជាច្រើននាក់សព្វថ្ងៃនេះក៏និយាយថាអចលនវត្ថុនៅតែជាការវិនិយោគវៃឆ្លាតដែរ ដោយសារមានហេតុផលជាច្រើន។ ការវិនិយោគក្នុងអចលនវត្ថុជាការពង្រីកជម្រើសវិនិយោគរបស់អ្នក ដើម្បីបញ្ជៀសការដាក់ដើមទុនទាំងអស់ក្នុងកន្លែងតែមួយ។ សេដ្ឋកិច្ចមិននៅស្ងៀមទេ គឺតែងតែឡើងចុះទៅតាមផ្នែកនីមួយៗជានិច្ច។ ការមានជម្រើសវិនិយោគច្រើនអាចជាមធ្យោយបាយជួយអ្នកទប់ទល់នឹងហានីភ័យក្នុងផ្នែកណាមួយបានយ៉ាងងាយស្រួល។ 

 

 

ហេតុផលមួយទៀតគឺអចលនវត្ថុផ្តល់ភាពជាម្ចាស់ការពិតប្រាកដដល់អ្នក។ ដោយសារមនុស្សទាំងអស់តែងតែត្រូវការលំនៅដ្ឋានដើម្បីរស់នៅ ចរន្តអចលនវត្ថុនឹងកាន់តែកើនតម្លៃដរាបណាមានការថែទាំល្អនិងរក្សាបានភាពទាក់ទាញជានិច្ច។ 

 

ការគ្រប់គ្រងអចលនវត្ថុក៏ផ្តល់ភាពបត់បែនគ្រប់គ្រាន់ដល់អ្នកដែរ គឺអ្នកអាចសម្រេចចិត្តថាតើត្រូវជួលអចលនវត្ថុដែលអ្នកមាន ឬត្រូវកែច្នៃដើម្បីគោលបំណងអ្វីមួយ។ តាមរបៀបនេះ អ្នកអាចឆ្លើយតបទៅនឹងការប្រែប្រួលក្នុងសេដ្ឋកិច្ច ហើយនៅតែធ្វើឱ្យការវិនិយោគរបស់អ្នកមានប្រយោជន៍ជានិច្ច។ 

 

ការវិនិយោគក្នុងអចលនវត្ថុមិនមែនមានតែផ្លូវមួយក្នុងការចាប់ផ្តើមទេ ដូច្នេះអ្នកមិនបាច់បារម្ភឡើយ។ អ្នកមិនចាំបាច់ខ្វល់ខ្វាយចំពោះការទិញដីឬអគារទាំងមូលភ្លាមៗតែម្តងនោះទេ ពីព្រោះថាមានជំហាន និងវិធីសាស្រ្តជាច្រើនសម្រាប់អ្នកចាប់ផ្តើមវិនិយោគក្នុងអចលនវត្ថុ។

 

អ្នកអាចចាប់ផ្តើមតាមរបៀបប្រពៃណីក៏បាន គឺទិញអលចនវត្ថុមួយកន្លែង ហើយជួលឱ្យគេវិញ។ អ្នកអាចទិញអ្វីៗគ្រប់យ៉ាងតាំងពីផ្ទះតូចមួយកន្លែង រហូតដល់អគារធំ ឬឃ្លាំងអ្វីមួយ។ បន្ទាប់មកអ្នកអាចដាក់ជួល ហើយបើអ្នកចង់គ្រប់គ្រងផ្ទាល់ដៃ អ្នកអាចចុះកែច្នៃនិងមើលការខុសត្រូវរាល់ថ្ងៃក៏បាន។ បើគោលដៅរបស់អ្នកគ្រាន់តែចង់ដេកចាំប្រមូលលុយចំណេញ អ្នកអាចជួលក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុមកមើលថែនិងចាត់ចែងជំនួសក៏បាន។ តាមរបៀបនេះអ្នកនឹងត្រូវបែងចែកផលចំណេញខ្លះ ប៉ុន្តែក៏ជួយសន្សំពេលវេលានិងបញ្ជៀសការឈឺក្បាលបានច្រើនដែរ។ 

 

ជម្រើសមួយទៀតក្នុងការវិនិយោគលើអចលនវត្ថុគឺទិញលក់ភ្លាមៗ។ ជំនួសឱ្យការចំណាយពេលយូរលើការគ្រប់គ្រងអ្នកជួល អ្នកគ្រាន់តែទិញផ្ទះបណ្តោះអាសន្ន ជួសជុលក្នុងរបៀបដែលអ្នកចូលចិត្ត ហើយលក់វិញនៅពេលមានផលចំណេញ។ ទោះជាយ៉ាងណា ជម្រើសមួយនេះតម្រូវឱ្យមានការប្រឡូកផ្ទាល់ពីអ្នកដើម្បីបង្កើនគុណភាពនិងសោភណភាព ព្រមទាំងតម្លៃរបស់ផ្ទះ។ 

 

ទោះជាយ៉ាងណា មុនចាប់ផ្តើមទិញអលចនវត្ថុក្នុងជម្រើសណាមួយ អ្នកត្រូវពិនិត្យមើលចំណុចមួយចំនួន៖ 

១/ វិភាគស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នកដើម្បីថ្លឹងថ្លែងឱ្យដឹងថាអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ។ 

 

២/ ស្រាវជ្រាវឱ្យគ្រប់ជ្រុងជ្រោយទាំងតំបន់និងចរន្តទីផ្សារក្នុងទីតាំងដែលអ្នកប្រុងនឹងទិញ។ តើទីតាំងនោះងាយស្រួលលក់ផ្ទះទេ? តើមនុស្សចង់ទៅរស់នៅតំបន់នោះទេ? 

 

៣/ ចាប់ផ្តើមសម្លឹងរកមើលការវិនិយោគតូចតាចដើម្បីស្ទង់ស្ទាប់ស្ថានការណ៍និងទីផ្សារ ហើយកុំហក់លូតទៅទិញអចលនវត្ថុដែលថ្លៃខ្លាំងឬពិបាកគ្រប់គ្រងភ្លាមៗតែម្តង។

 

៤/ រកមនុស្សមានពិសោធន៍មកជួយពិនិត្យមើលអចលនវត្ថុក្រែងមានកន្លែងណាខូចខាតឬបាក់បែក។

 

៥/ បើគោលដៅរបស់អ្នកប្រុងនឹងដាក់ជួល អ្នកត្រូវសម្រេចចិត្តឱ្យច្បាស់ថាអ្នកគ្រប់គ្រងដោយខ្លួនឯង ឬជួលគេមកគ្រប់គ្រងជំនួស។

 

៦/ ប៉ាន់ស្មានចំណាយពាក់ព័ន្ធទាំងអស់មុននឹងទិញ គឺមិនមែនគិតត្រឹមតែថ្លៃដើមរបស់អចលនវត្ថុនោះទេ ត្រូវគិតទាំងចំណាយជួលជុល ពន្ធ ការធានារ៉ាប់រង និងចំណាយថែទាំផ្សេងទៀត។ 

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់