អចលនទ្រព្យ | September 18, 2021 | 152

ឱកាសនិងហានីភ័យក្នុងវិនិយោគអចលនវត្ថុនៅប្រទេសម៉ាឡេស៊ី

សេដ្ឋកិច្ចដែលមានសន្ទុះ រដ្ឋាភិបាលដែលមានការគាំទ្រ កម្លាំងពលកម្មដែលពេញសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធដែលមានការអភិវឌ្ឍ បានប្រែក្លាយប្រទេសម៉ាឡេស៊ីទៅជាទិសដៅទាក់ទាញសម្រាប់វិនិយោគិនអន្តរជាតិនៅជុំវិញពិភពលោក។ 

 

 

ប្រទេសម៉ាឡេស៊ីមានសេដ្ឋកិច្ចបើកទូលាយ និងមានទីផ្សារឧស្សាហកម្ម។ នៅចន្លោះពីឆ្នាំ១៩៥៧ដល់២០០៥ កំណើនផលិតផលសរុបប្រចាំឆ្នាំកើនឡើងក្នុងអត្រាជាមធ្យម៦,៥ភាគរយ ដែលធ្វើឱ្យប្រទេសនេះមានសេដ្ឋកិច្ចរឹងមាំនៅក្នុងតំបន់។ ទោះជាយ៉ាងណា កំណើននោះបានយឺតយ៉ាវទៅវិញនៅត្រឹម១,២៩ភាគរយចន្លោះពីឆ្នាំ២០០០ដល់២០១៥ ដោយសារភាពចាស់ទុំនៃសេដ្ឋកិច្ច។ 

 

យោងតាមសន្ទស្សន៍នៃការប្រកួតប្រជែង សេដ្ឋកិច្ចម៉ាឡេស៊ីឈរក្នុងលំដាប់ថ្នាក់ទី១៤នៃទីផ្សារប្រកួតប្រជែងបំផុតក្នុងពិភពលោក និងលំដាប់ថ្នាក់ទីប្រាំក្នុងចំណោមប្រទេសដែលមានប្រជាជនលើសពី២០លាននាក់ ដែលធ្វើឱ្យប្រទេសនេះស្ថិតនៅលើប្រទេសល្បីឈ្មោះមួយចំនួនដូចជប៉ុន អូស្រ្តាលី និងអង់គ្លេសជាដើម។ ធនាគារពិភពលោកក៏បានដាក់ចំណាត់ថ្នាក់លេខប្រាំមួយឱ្យម៉ាឡេស៊ីក្នុងនាមជាប្រទេសដែលងាយស្រួលធ្វើពាណិជ្ជកម្មបំផុត។ 

 

ដូចទីផ្សារដែលទើបតែស្ទុះឡើងឬទីផ្សារជួរមុខផ្សេងទៀតដែរ គេសង្កេតឃើញមានហានីភ័យភូមិសាស្រ្តនយោបាយនិងហានីភ័យនយោបាយហិរញ្ញវត្ថុនៅក្នុងការវិនិយោគក្នុងប្រទេសម៉ាឡេស៊ីដែរ។ ភាពតានតឹងខាងនយោបាយរបស់ប្រទេសនេះក្នុងឆ្នាំ២០០៨ បានទាញប្រទេសនេះឱ្យយឺតយ៉ាវ ហើយបញ្ហានយោបាយនិងការបោះឆ្នោតក៏អាចបង្កអស្ថិរភាពក្នុងប្រទេសនេះខ្លះដែរ។ 

 

ទោះជាយ៉ាងណា ក្រោយពិកិច្ចប្រឹងប្រែងជាច្រើនឆ្នាំ ប្រទេសម៉ាឡេស៊ីបានធ្វើឱ្យវិស័យទេសចរណ៍ក្លាយចាច្រកចំណូលធំកម្រិតទីបីរបស់ប្រទេស។ កត្តាមួយនេះបានជំរុញឱ្យការវិនិយោគខាងអចលនវត្ថុកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិនបរទេស។ យោងតាមការតាមដានរបស់ក្រុមអ្នកជំនាញ តម្លៃផ្ទះជាមធ្យមកើនឡើងជិត៥០ភាគរយនៅចន្លោះពីឆ្នាំ២០០២ដល់ឆ្នាំ២០១២ ហើយទីផ្សារក៏នៅតែមានភាពប្រកួតប្រជែងខ្ពស់ដដែល។ 

 

បើទោះជាមានសញ្ញាល្អៗបែបនេះ ក៏នៅមានហានីភ័យខ្លះៗដែលវិនិយោគិនគួរតែពិចារណាយ៉ាងប្រុងប្រយ័ត្នដែរ។ ការចង់បានរបស់រដ្ឋាភិបាលដើម្បីធ្វើឱ្យលំនៅដ្ឋានមានតម្លៃសមរម្យបាននាំទៅរកការផ្គត់ផ្គង់លើសតម្រូវ ហើយក៏មានការដាក់កម្រិតថ្មីលើការទិញអចលនវត្ថុពីបរទេសដែរកាលពីឆ្នាំ២០០៨កន្លងមក។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់