អចលនទ្រព្យ | September 15, 2021 | 138

រៀនវិនិយោគក្នុងអចលនវត្ថុពេលនេះនឹងរង់ចាំទទួលផលពេលក្រោយ

នៅពេលវិនិយោគក្នុងអចលនវត្ថុ គោលដៅគឺដាក់លុយរបស់អ្នកឱ្យធ្វើការនៅពេលនេះ ដើម្បីអ្នកអាចទទួលបានលុយមកវិញនៅពេលអនាគត។ ផលចំណេញដែលអ្នកទទួលបានពីការវិនិយោគនេះត្រូវតែមានកម្រិតគ្រប់គ្រាន់ដើម្បីគ្របដណ្តប់លើហានីភ័យដែលអ្នកហ៊ានប្រថុយនិងចំណាយពាក់ព័ន្ធទាំងអស់។ នៅមានចំណាយផ្សេងទៀតក្នុងការធ្វើជាម្ចាស់នៃអចលនវត្ថុ ដូចជាការថែរក្សានិងការធានារ៉ាប់រងជាដើម។ 

 

 

ការវិនិយោគក្នុងអចលនវត្ថុអាចនឹងមានភាពសាមញ្ញបំផុតនៅពេលអ្នកយល់កត្តាមូលដ្ឋាននៃការវិនិយោគ សេដ្ឋកិច្ច និងហានីភ័យ។ អ្នកទិញអចលនវត្ថុមួយកន្លែង ជៀសឱ្យផុតពីការក្ស័យធន និងរកចំណូលបានពីការជួល ឬលក់ដែលអាចមានផលចំណេញច្រើន ដើម្បីយកទៅទិញអចលនវត្ថុបន្ថែមទៀត។  

 

ប៉ុន្តែសូមចងចាំទុកថា ភាពសាមញ្ញមិនមែនមានន័យថាងាយស្រួលទេ។ បើអ្នកបង្កើតកំហុស លទ្ធផលអាចនឹងនាំឱ្យខាតបង់ខ្លះឬមហន្តរាយធំតែម្តង។ មានរបៀបនិងក្បួនមួយចំនួនដែលអ្នកអាចចាប់ផ្តើម និងរៀនរកលុយនៅក្នុងការវិនិយោគអចលនវត្ថុ៖

 

១/ កែច្នៃដើម្បីតម្លើងតម្លៃអលចនវត្ថុ

ជាទូទៅ តម្លៃអចលនវត្ថុប្រែប្រួលនិងឡើងចុះទៅតាមតំបន់ជុំវិញនោះ។ ជាក់ស្តែង បើតំបន់ជុំវិញអចលនវត្ថុរបស់អ្នកកាន់តែមានភាពមមាញឹកឬតូចចង្អៀតទៅដោយសារមានមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្បែរនោះ តម្លៃរបស់វានឹងកើតឡើងកាន់តែខ្ពស់។ មួយបែបទៀត អ្នកអាចអភិវឌ្ឍអចលនវត្ថុរបស់អ្នកក្នុងរបៀបដែលកាន់តែទាក់ទាញចំពោះអ្នកទិញ។ ទោះជាយ៉ាងណា គ្មានការព្យាករត្រឹមត្រូវទាំងស្រុងចំពោះល្បែងមួយនេះទេ ប៉ុន្តែអ្នកមានលទ្ធភាពច្រើនក្នុងការទទួលបានផលចំណេញពីការវិនិយោគរបៀបនេះ។  

 

២/ បង្កើតចរន្តប្រាក់ចំណូល

អ្នកអាចផ្តោតលើការទិញអចលនវត្ថុដូចជាផ្ទះ ឬអគារទំនេរ ហើយកែច្នៃដើម្បីធ្វើពាណិជ្ជកម្មឬដាក់ជួល។ អ្នកអាចទទួលបានប្រាក់ចំណូលទៀងទាត់ពីការជួលអចលនវត្ថុដែលអាចជាលំនៅដ្ឋាន អគារពាណិជ្ជកម្ម និងការិយាល័យ។ ដរាបណាមានការកែច្នៃនិងសកម្មភាពពាណិជ្ជកម្មជុំវិញនោះ អ្នកនឹងនៅតែទទួលបានប្រាក់ចំណូលយ៉ាងទៀងទាត់ពីអលចនវត្ថុនោះ។ 

 

៣/ ប្រាក់ចំណូលទាក់ទងនឹងអចលនវត្ថុ

ប្រាក់ចំណូលប្រភេទនេះមានទូទៅសម្រាប់អ្នកជំនាញក្នុងឧស្សាហកម្មអចលនវត្ថុ ដូចជាភ្នាក់ងារ និងឈ្មួញកណ្តាល។ គេអាចនឹងរកលុយបានពីកម្រៃជើងសាក្នុងការសម្របសម្រួល ឬស្វែងរកម៉ូយក្នុងការទិញលក់អចលនវត្ថុ។ ក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុពេលខ្លះទទួលបានផលចំណេញពីការជួលអចលនវត្ថុជាថ្នូរនៃការគ្រប់គ្រងប្រចាំថ្ងៃរបស់គេ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់