អចលនទ្រព្យ | September 14, 2021 | 138

គន្លឹះវិនិយោគក្នុងវិស័យអចលនវត្ថុសម្រាប់អ្នកចាប់ផ្តើម

នៅក្នុងទីផ្សារសព្វថ្ងៃ ការវិនិយោគបានរីកចម្រើនខ្ពស់ហួសពីកម្រិតដែលមនុស្សធម្មតាអាចយល់បាន។ មានច្រកជាច្រើនដែលអាចនាំទៅរកផលចំណេញច្រើនក្នុងពេលយូរអង្វែង បើអ្នកសុខចិត្តរង់ចាំពេលដែលវិនិយោគនេះទទួលបានផ្លែផ្កា។ ច្រកមួយក្នុងចំណោមច្រកវែងឆ្ងាយទាំងនេះគឺវិស័យអចលនវត្ថុ ដែលអាចជាមធ្យោបាយសន្សំនិងបង្កើតលុយបានយ៉ាងអស្ចារ្យសម្រាប់ពេលចូលនិវត្តន៍របស់អ្នក។ ទោះជាយ៉ាងណា ច្រកមួយនេះប្រហែលមិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ។ ការវិនិយោគក្នុងវិស័យអចលនវត្ថុតម្រូវឱ្យមានការប្តេជ្ញាចិត្ត ការស្រាវជ្រាវ និងការរៀបចំផែនការ។ បើអ្នកចង់ដឹងកាន់តែច្រើនអំពីការវិនិយោគក្នុងវិស័យអចលនវត្ថុ គន្លឹះមួយចំនួនខាងក្រោមនេះជាជំហានចាប់ផ្តើមរបស់អ្នក៖

 

 

១/ ដឹងតម្លៃពាក់ព័ន្ធទាំងអស់

ដំបូងបំផុតអ្នកត្រូវដឹងថា ការវិនិយោគក្នុងវិស័យអចលនវត្ថុតម្រូវឱ្យមានដើមទុនធំ។ អចលនវត្ថុ ទោះជាដីឬផ្ទះក៏តម្រូវឱ្យមានចំណាយច្រើនដើម្បីទិញបាន ប៉ុន្តែបើអ្នកមានដើមទុកសមរម្យ ឬអាចខ្ចីគេបាន វាអាចជាការវិនិយោគដែលនាំទៅរកផលចំណេញពិតប្រាកដ។ ទោះជាយ៉ាងណា សូមកុំគិតថាវាមានភាពសាមញ្ញដោយគ្រាន់តែទិញមកហើយអង្គុយចាំមើលផលចំណេញនោះទេ។ នៅមានចំណាយបន្ថែមមួយចំនួនទៀតដែលអ្នកគួរតែដឹង ដូចជាការថែរក្សា ការកែច្នៃ និងការបង់ពន្ធជាដើម។

 

២/ ជ្រើសរើសប្រភេទអចលនវត្ថុ

បើឆ្លងផុតពីជំហានទីមួយមានន័យថាអ្នកមានដើមទុនល្មមដើម្បីវិនិយោគហើយ។ ពេលនេះអ្នកត្រូវសម្រេចចិត្តថាអលចនវត្ថុប្រភេទណាដែលអ្នកត្រូវវិនិយោគ។ អ្នកអាចនឹងទិញផ្ទះដើម្បីជួល ដែលអាចជាផ្ទះស្នាក់នៅឬអគារពាណិជ្ជកម្ម។ អ្នកអាចក្លាយជាម្ចាស់ផ្ទះ និងដាក់ជួលផ្ទះនោះដោយខ្លួនឯង ឬធ្វើជាភ្នាកងារបណ្តាញរបស់ក្រុមហ៊ុនធំៗដូចជាAirbnbជាដើ។ បើការរក្សាផ្ទះសម្រាប់ជួលស្នាក់នៅបែបនេះមិនមែនជាកិច្ចការដែលអ្នកចូលចិត្ត អ្នកក៏អាចជ្រើសរើសជួលសម្រាប់ពាណិជ្ជកម្ម ឬមួយក៏ទិញភ្លាមលក់វិញភ្លាមដើម្បីទទួលបានផលចំណេញភ្លាមៗដែរ។ ប៉ុន្តែកុំភ្លេចកំណត់ផែណការ និងគោលដៅឱ្យបានច្បាស់លាស់មុននឹងជ្រើសរើស។ 

 

៣/ ពិនិត្យមើលតំបន់ជុំវិញ

នៅពេលត្រូវវិនិយោគលើអចលវត្ថុ ទីតាំងជាគន្លឹះសំខាន់មិនអាចមើលរំលងបាន។ អ្នកមិនត្រូវទិញអចលនវត្ថុនៅក្នុងកន្លែងដែលមានត្រឹមតែតម្លៃខ្ពស់នោះទេ។ ស្រាវជ្រាវឱ្យគ្រប់ជ្រុងជ្រោយ ពិនិត្យមើលតម្លៃទីផ្សារ តំបន់ជុំវិញ  និងការផ្តល់ជូនពិសេសៗនៅក្នុងតំបន់នោះ។ ប្រភេទនេះអចលនវត្ថុដែលអ្នកបានកំណត់ទុកអាចជួយឱ្យអ្នកសម្រេចជ្រើសរើសទីតាំងដែលអ្នកចង់បាន។ បន្ថែមពីលើនេះ អ្នកត្រូវស្រាវជ្រាវរកមើលការប្រកួតប្រជែង និងកំណត់ឱ្យដឹងច្បាស់ថាទីតាំងដែលអ្នកជ្រើសរើសនោះស្ថិតនៅក្នុងកន្លែងត្រូវប៉ាន់ឬអត់។ សម្រាប់អចលនវត្ថុស្នាក់នៅឬលំហែកម្សាន្ត អ្នកត្រូវពិនិត្យមើលសហគមន៍ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននិងភាពងាយស្រួល។ ប៉ុន្តែបើសម្រាប់ជួលធ្វើពាណិជ្ជកម្ម អ្នកត្រូវពិនិត្យមើលចំនួនប្រជាជន និងភាពងាយស្រួលនៃចំណតជាដើម។ 

 

៤/ កំណត់លក្ខខណ្ឌ

បន្ទាប់ពីជ្រើសរើសប្រភេទនៃអចលនវត្ថុនិងទីតាំងរួចហើយ អ្នកអាចចាប់ផ្តើមបង្កើតលក្ខខណ្ឌទាក់ទងនឹងការវិនិយោគរបស់អ្នក។ គណនាតម្លៃជួល ចំណាយប្រចាំឆ្នាំ ដើមទុនបម្រុងទុកសម្រាប់ចំណាយភ្លាមៗ និងចំណាយផ្សេងទៀតដែលចាំបាច់។ ពិចារណាជួលអ្នកគ្រប់គ្រងអចលនវត្ថុមកមើលការខុសត្រូវ ជាពិសេសបើអ្នកមានផែនការទិញអចលនវត្ថុនៅក្នុងទីតាំងផ្សេងៗគ្នាជាច្រើន។ គន្លឹះស្ថិតនៅត្រង់ការសម្រេចទុកជាមុន ដើម្បីបញ្ជៀសការច្របូកច្របល់នៅពេលមានចំណាយនិងចំណូល។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់