គំនិតអាជីវកម្ម | July 31, 2021 | 204

ផ្នត់គំនិតសហគ្រិនជាជំនាញសំខាន់ក្នុងជីវិត

ការអប់រំអំពីសហគ្រិនភាពទទួលបានការយកចិត្តទុកដាក់ពីមនុស្សកាន់តែច្រើនឡើងនៅជុំវិញពិភពលោក។ ក្រោយពីមានការជជែកគ្នាយ៉ាងច្រើនអំពីលទ្ធភាពដែលគេអាចបង្រៀនជំនាញនេះបាន មនុស្សជាច្រើនយល់ស្របគ្នាថាគេអាចបណ្តុះនិងបង្រៀនផ្នត់គំនិតសហគ្រិនភាពបាន។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមការងារសិក្សារស្រាវជ្រាវកាន់តែច្រើនក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបណ្តុះផ្នត់គំនិតសហគ្រិនភាពដែរ។ 

 

 

ប្រហែលមានអ្នកខ្លះឆ្ងល់ថា តើអ្វីជាផ្នត់គំនិតសហគ្រិនភាព ហើយគេអាចបណ្តុះវាបានដោយរបៀបណា? ផ្នត់គំនិតសហគ្រិនភាពជាការតម្រង់ទិស របៀបគិត និងសកម្មភាពដែលជួយឱ្យបុគ្គលម្នាក់ៗនិងស្ថាប័នការងារមួយបោះជំហានទៅរកភាពមិនច្បាស់លាស់។ ភាពមិនច្បាស់លាស់នៅក្នុងសហគ្រិនភាពមិនមែនគ្រាន់តែជារឿងដែលគេមិនដឹងអំពីអនាគតនោះទេ។ 

 

ក្នុងពេលដែលសហគ្រិនគិតនិងស្រមៃឡើងវិញអំពីពិភពលោកនេះ គេដើរលើផ្លូវមួយដែលមិនទាន់មាននរណាធ្លាប់ដើរ ហើយគេក៏ធ្វើការក្នុងរបៀបដែលមិនដឹងលទ្ធផលច្បាស់។ បើនិយាយមួយបែបទៀត គេមិនដឹង ហើយក៏មិនអាចទាយទុកមុនបានដែរថានឹងមានអ្វីកើតឡើង។  ផ្នត់គំនិតសហគ្រិនភាពប្រុងប្រៀបបុគ្គលម្នាក់ៗឱ្យហ៊ានទទួលយកនិងដោះស្រាយស្ថានភាព មិនច្បាស់លាស់។ ផ្នត់គំនិតសហគ្រិនភាពជាបំណិនជីវិតសំខាន់ក្នុងបរិស្ថានពាណិជ្ជកម្មមិនច្បាស់លាស់ដូចសព្វថ្ងៃនេះ ដែលកំពុងតែផ្លាស់ប្តូរបច្ចេកវិទ្យា ច្បាប់ទម្លាប់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមក្នុងរបៀបមិនធ្លាប់មានពីមុនមក។ 

 

ការបណ្តុះផ្នត់គំនិតសហគ្រិនភាពត្រូវផ្អែកលើស្តម្ភបីគឺ វិធីសាស្រ្តដែលមានប្រសិទ្ធភាព ឧបករណ៍សម្រាប់ការពិសោធភ្លាមៗ និងការរៀនតាមពិសោធន៍។

 

១/ វិធីសាស្រ្តប្រសិទ្ធភាព

នៅក្នុងបរិស្ថានមួយដែលភាពមិនច្បាស់គ្របដណ្តប់ គ្មាននរណាអាចទាយដឹងអនាគតទេ។ ហេតុដូច្នេះហើយ ផែនការល្អបំផុតក៏អាចរលាយបាត់ដែរ។ តើសហគ្រិនត្រូវធ្វើដូចម្តេចក្នុងស្ថានភាពបែបនេះ? កុំព្យាយាមទស្សន៍ទាយរឿងដែលមិនអាចទាយបាន ជំនួសមកវិញ ត្រូវផ្តោតលើកិច្ចការដែលអ្នកអាចគ្រប់គ្រងបាន ហើយធ្វើសកម្មភាពដើម្បីរីកចម្រើន និងកែតម្រូវបញ្ហានៅពេលអនាគតបង្ហាញខ្លួនបន្តិចម្តងៗ។ 

 

២/ ឧបករណ៍សម្រាប់ការពិសោធ

សហគ្រិនក៏ត្រូវស្គាល់ឧបករណ៍ដែលត្រូវការសម្រាប់ធ្វើប្រតិបត្តិការនៅក្នុងពេលមិនច្បាស់លាស់ដែរ។ ត្រង់នេះហើយជាកន្លែងដែលវិធីសាស្រ្តបត់បែន និងការពិសោធរហ័សរួមជាមួយការបត់បែនទាន់ពេលវេលាចូលខ្លួនមក។ សហគ្រិនត្រូវមានប្រព័ន្ធច្បាស់លាស់ប៉ុន្តែក៏ត្រូវចេះបត់បែនដែរដើម្បីរៀនពីបទពិសោធន៍និងកែតម្រូវសកម្មភាព។ ចំណុចមួយនេះគឺត្រូវបរាជ័យឱ្យបានឆាប់និងបរាជ័យឱ្យបានច្រើនដងដោយមិនបាច់ចំណាយច្រើន។ 

 

៣/ ការរៀនតាមពិសោធន៍

សសរស្តម្ភចុងក្រោយគឺត្រូវផ្តោតលើការបណ្តោយសហគ្រិនឱ្យអនុវត្តមេរៀនទាំងពីរខាងលើនៅក្នុងបរិស្ថានមួយដែលបរាជ័យមានព្រំដែនកំណត់។ សហគ្រិនបង្កើតគំនិតប្រថុយប្រថានមួយ ហើយបោះជំហានទៅរកឱកាសពាណិជ្ជកម្មដែលមានសក្តានុពល ដោយប្រើប្រាស់គំនិតនិងឧបករណ៍ដែលបានរៀន។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់