អភិវឌ្ឍចំណេះដឹង | July 31, 2021 | 137

យល់ដឹងអំពីសក្តានុពលរបស់ប្រាជ្ញាសិប្បនិម្មិត

ការកែច្នៃឱ្យបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតមានសមត្ថភាពស្មើនឹងកម្រិតប្រាជ្ញារបស់មនុស្សដែលបំណងប្រាថ្នារបស់វិស្វករអស់រយៈពេលយូរមកហើយ។ បើទោះជាបច្ចេកវិទ្យានេះមានប្រយោជន៍ច្រើនចំពោះមនុស្សជាតិ ក៏ការបង្កើតប្រាជ្ញាសិប្បនិម្មិតតែងតែមានកត្តាគួរឱ្យខ្លាចមួយដែរ គឺការបារម្ភថាបច្ចេកវិទ្យានោះនឹងគ្រប់គ្រងមនុស្សវិញ។ 

 

 

នៅក្នុងអនាគតមិនឆ្ងាយប៉ុន្មានទៀតទេនឹងមានពេលមួយដែលមនុស្សយើងបង្កើតម៉ាស៊ីនមានភាពវៃឆ្លាតជាងប្រាជ្ញារបស់មនុស្សទៅទៀត។ ហើយបន្ទាប់មកម៉ាស៊ីដ៏អស្ចារ្យទាំងនោះនឹងអភិវឌ្ឍខ្លួនឯងដោយមិនបាច់មានការចូលរួមពីមនុស្សទៀតទេ។ បើទោះជាអនាគតនៃបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតស្ថិតក្នុងសភាពមួយដែលគ្មាននរណាដឹងច្បាស់ ក៏ក្នុងពេលបច្ចុប្បន្ននេះ វាផ្តល់ប្រយោជន៍ច្រើនច្រើនក្នុងការបម្រើមនុស្សជាតិ៖

 

១/ ការផលិត

ការអភិវឌ្ឍបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតអាចនាំទៅរកការបង្កើតផលិតផលក្នុងតម្លៃថោកយ៉ាងសម្បូរបែប ហើយជាលទ្ធផលក៏កាត់បន្ថយចំណាយក្នុងការរស់នៅប្រចាំថ្ងៃ និងជួយលើកស្ទួយមនុស្សជាច្រើនលាននាក់ចេញពីភាពក្រីក្រ។ បច្ចេកវិទ្យាដែលមានតម្លៃថោកអាចនាំទោរកការបង្កើតផលិតផលនិងឧស្សាហកម្មថ្មីៗ ចូលរួមវិភាគទានក្នុងការបង្កើនចំនួនការងារសម្រាប់មនុស្ស។ 

 

២/ ឱសថសាស្រ្ត

ប្រយោជន៍នៃបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតស្ទើរតែមិនមានព្រំដែនកំណត់។ យើងអាចស្រមៃដល់បច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតដែលវិភាគមេរោគមហារីកនិងជំងឺជាច្រើនទៀតបានយ៉ាងសុក្រឹត ហើយក៏ជំរុញឱ្យមនុស្សប្រើប្រាស់វិធានការណ៍ការពារជាមុន។ បច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតក៏អាចជួយមនុស្សបង្កើតរបៀបព្យាបាលជំងឺមួយចំនួនដែលនៅរាតត្បាតសុខភាពមនុស្សដែរ។ ជាលទ្ធផល ជីវិតមនុស្សនឹងរស់នៅបានកាន់តែយូរថែមទៀត ហើយគុណភាពជីវិតក៏កាន់តែប្រសើរឡើងដែរ។ 

 

៣/ សន្តិសុខអ៊ីនថឺណិត

បច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតអាចជួយពង្រឹងសន្តិសុខអ៊ីនថឺណិតនៃប្រព័ន្ធជាច្រើនដែលធ្វើឱ្យពិភពអ៊ីនថឺណិតនិងវេទិកាជាច្រើនដែលមនុស្សពីគ្រប់កន្លែងជួបជុំគ្នានៅលើអ៊ីនថឺណិតកាន់តែមានសុវត្ថិភាពខ្លាំងឡើង។ 

 

៤/ គមនាគមន៍

រថយន្តដែលបើកបរដោយខ្លួនឯងមិនត្រឹមតែជួយសម្រាលបន្ទុកការងាររបស់អ្នកបើកបរទៅធ្វើការងារផ្សេងដែលកាន់តែមានប្រយោជន៍នោះទេ ប៉ុន្តែវាក៏ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានយ៉ាងច្រើនដែរ ពីព្រោះថាបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតទទួលបន្ទុកកិច្ចការទាំងអស់នេះបានប្រសើរជាងមនុស្ស។ 

 

៥/ ការស្រង់និងចម្រាញ់ព័ត៌មាន

បច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតក៏មានប្រសិទ្ធភាពណាស់ដែរនៅក្នុងការវិភាគទិន្នន័យហិរញ្ញវត្ថុនិងព័ត៌មានអ្វីមួយដែលទាក់ទងនឹងបញ្ហាអ្វីមួយ។ និយាយឱ្យខ្លីមក កម្មវិធីវិភាគដែលប្រើប្រាស់ប្រាជ្ញាសិប្បនិម្មិតមានភាពសុក្រឹតនិងធ្វើការបានយ៉ាងរហ័សជាងខួរក្បាលរបស់មនុស្សទៅទៀត។ 

 

ទោះជាយ៉ាងណា កម្មវិធីប្រាជ្ញាសិប្បនិម្មិតមានប្រតិបត្តិការក្នុងបរិស្ថានចង្អៀតនៅឡើយនាពេលបច្ចុប្បន្ននេះ។ នៅពេលណាមួយកម្មវិធីប្រាជ្ញាសិប្បនិម្មិតផ្សេងៗគ្នានឹងអាចទាក់ទងជាមួយគ្នាហើយរៀនពីគ្នាបានដែលនឹងបង្កើនសមត្ថភាពហួសពីការស្រមៃរបស់មនុស្សបច្ចុប្បន្ននេះ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់