អភិវឌ្ឍចំណេះដឹង | July 31, 2021 | 205

ការងារបន្ទាប់បន្សំដែលអាចរកប្រាក់ចំណូលបានច្រើន

ក្នុងពេលដែលសេដ្ឋកិច្ចពិភពលោកចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ អ្នកស្វែងរកការងារបច្ចុប្បន្នក៏ចាប់ផ្តើមពិចារណាច្រើនអំពីមុខតំណែងថ្មីដែលគេប្រុងនឹងចាប់ផ្តើមដែរ គឺសម្លឹងរកមើលទាំងភាពទាក់ទាញនៃការងារ និងផលចំណេញ។ ក្នុងចំណោមអ្នកស្វែងរកការងារធ្វើទាំងនេះ ក៏មានអ្នកខ្លះចាប់ផ្តើមប្រឡូកក្នុងពាណិជ្ជកម្មបន្ទាប់បន្សំ។ បើអ្នកកំពុងតែស្ថិនក្នុងវ័យ៣០ប្លាយ ហើយគិតចង់បង្កើតការងារបន្ទាប់បន្សំពីលើការងារពេញម៉ោង អ្នកអាចនឹងមានឱកាសយ៉ាងច្រើនដើម្បីរកលុយ៖

 

 

១/ ធ្វើជាអ្នកជំនួយការតាមអ៊ីនថឹណិត

ជំនួយការពីចម្ងាយច្រើនតែធ្វើការផ្នែករៀបចំឯកសារឱ្យចៅហ្វាយនាយឬក្រុមហ៊ុន ដែលមានដូចជាការបញ្ចូលទិន្នន័យ ការត់ត្រានៅក្នុងកិច្ចប្រជុំផ្សេងៗ និងការរៀបចំពេលវេលាជាដើម។ ជំនួយការជំនាញអាចជួយពាណិជ្ជកម្មរៀបចំគេហទំព័រ ឬបណ្តាញសង្គមរបស់គេឱ្យបានរបៀប និងជួយបង្កើតយុទ្ធនាការធ្វើទីផ្សារតាមអ៊ីនថឹណិតយ៉ាងមានប្រសិទ្ធភាពថែមទៀត។ 

 

២/ ធ្វើជាអ្នកផ្តល់ប្រឹក្សាជំនាញ

មនុស្សដែលធ្វើការក្នុងជំនាញវិជ្ជាជីវៈអ្វីមួយច្រើនឆ្នាំអាចក្លាយជាអ្នកផ្តល់ប្រឹក្សាជំនាញដោយប្រើប្រាស់បទពិសោធន៍និងចំណេះដឹងរបស់គេដែលមិនអាចរកបាននៅកន្លែងផ្សេងទៀត។ ឧទាហរណ៍ថាបើអ្នកធ្វើការជាអ្នកឆុងកាហ្វេ អ្នកអាចផ្តល់ប្រឹក្សាដល់ហាងកាហ្វេក្នុងតំបន់របស់អ្នកអំពីគន្លឹះល្អៗក្នុងការឆុងកាហ្វេ។ ហើយបើអ្នកធ្វើការក្នុងផ្នែកគ្រប់គ្រងធនធានមនុស្ស អ្នកក៏អាចផ្តល់ប្រឹក្សាដល់ក្រុមហ៊ុនតូចៗអំពីគំរូនិងរបៀបល្អៗដើម្បីជ្រើសរើសនិងបង្កើតក្រុមការងារខ្លាំងពូកែ។ 

 

៣/ បង្កើតកម្មវិធីបង្រៀនតាមអ៊ីនថឺណិត

បើអ្នកមានជំនាញឬទេពកោសល្យពិសេសដែលមនុស្សភាគច្រើនយល់ថាមានតម្លៃ អ្នកក៏អាចប្រែក្លាយជំនាញនោះទៅជាការបង្រៀននៅលើអ៊ីនថឺណិតបានដែរ។ ឧទាហរណ៍ថាអ្នកចេះធ្វើមុខម្ហូបដែលឆ្ងាញ់ អ្នកអាចពន្យល់និងបង្ហាញរបៀបធ្វើមុខម្ហូបឆ្ងាញ់នោះនៅលើអ៊ីនថឺណិត ហើយអ្នកនឹងទទួលបានប្រាក់ចំណូលនៅពេលមនុស្សកាន់តែច្រើនចូលមើលនិងចែកចាយមេរៀននោះ។ បើអ្នកមិនមានគេហទំព័រផ្ទាល់ខ្លួន អ្នកក៏អាចបង្ហោះវីដេអូបង្រៀនជំនាញរបស់អ្នកនៅលើគេហទំព័រដែលមានស្រាប់ដូចUdemyបានដែរ។

 

៤/ បង្កើតគេហទំព័រផ្ទាល់ខ្លួន

មានអត្ថបទជាង៥លានប្រភេទដែលមនុស្សបង្ហោះរាល់ថ្ងៃនៅលើអ៊ីនថឺណិតទាក់ទងនឹងប្រធានបទនិងជំនាញផ្សេងៗតាំងពីការធ្វើដំណើរកម្សាន្ត ការចម្អិនអាហារ ការរចនាម៉ូត និងដំបូន្មានល្អៗជាច្រើនទៀត។ ការបង្កើតគេហទំព័រផ្ទាល់ខ្លួនមានចំណាយផ្សេងៗគ្នាទៅតាមប្រភេទគេហទំព័រដែលអ្នកចង់ប្រើ។ បើចាប់ផ្តើមនៅលើ WordPress.org អ្នកមិនបាច់ចំណាយអ្វីទាំងអស់ ប៉ុន្តែអ្នកត្រូវការគេហទំព័រមួយទៀតដើម្បីបង្ហោះដែលត្រូវចំណាយប្រហែល៣ទៅ២៧ដុល្លារក្នុងមួយខែ។ ហើយបើអ្នកចង់បានគេហទំព័រដែលដាក់ឈ្មោះច្បាស់លាស់ អ្នកក៏អាចបង្កើតបានដែរដោយត្រូវបង់ថ្លៃប្រចាំឆ្នាំចន្លោះពី២ទៅ២០ដុល្លារ។ ពេលមានគេហទំព័រដែលមនុស្សស្គាល់ច្រើនហើយ អ្នកអាចចាប់ផ្តើមលក់ពាណិជ្ជកម្មដើម្បីរកប្រាក់ចំណូលដោយមិនចាំបាច់អង្គុយធ្វើការគ្រប់ពេល។

 

ប្រែសម្រួល៖ វេហា

មតិយោបល់