អចលនទ្រព្យ | July 31, 2021 | 193

តើភ្នាក់ងារអលចនវត្ថុធ្វើការនៅចុងសប្តាហ៍ទេ?

ភ្នាក់ងារអចលនវត្ថុជាច្រើនជ្រើសរើសធ្វើការនៅចុងសប្តាហ៍ដោយសារនេះជាពេលដែលមនុស្សភាគច្រើនទំនេរពីការងារអាចដើរមើលផ្ទះបាន។ ដោយសារភ្នាក់ងារអចលនវត្ថុមួយចំនួនមិនមានប្រាក់ខែ ប៉ុន្តែទទួលបានប្រាក់ចំណូលទៅតាមចំនួននៃការលក់ ដូច្នេះគេឆ្លៀតរកគ្រប់ឱកាសដើម្បីបង្កើនចំនួនលក់។ 

 

 

ភ្នាក់ងារអចលនវត្ថុជាច្រើនកំណត់ម៉ោងពេលធ្វើការដោយខ្លួនឯង ហើយក៏ធ្វើការនៅថ្ងៃសៅរ៍និងអាទិត្យដើម្បីគេអាចជួបមនុស្សដែលជាប់រវល់ធ្វើការពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។ ហើយដោយសារគ្រួសារជាច្រើនចូលចិត្តទិញផ្ទះនៅកន្លែងឆ្ងាយពីក្រុង ភ្នាក់ងារអចលនវត្ថុក៏អាចរៀបចំការបង្ហាញអចលនវត្ថុក្នុងរបៀបដូចជាដំណើរកម្សាន្តចុងសប្តាហ៍បានដែរ។ ជាលទ្ធផល ពេលចុងសប្តាហ៍អនុញ្ញាតឱ្យអតិថិជនស្នើសុំមើលអចលនវត្ថុនៅតាមកន្លែងផ្សេងៗ ដោយមិនរំខានដល់ម៉ោងពេលធ្វើការប្រចាំសប្តាហ៍របស់គេ។ 

 

ពេលចុងសប្តាហ៍ក៏មានប្រយោជន៍ច្រើនចំពោះភ្នាក់ងារអចលនវត្ថុដែរ ដោយសារគ្រួសារម្ចាស់ផ្ទះដែលចង់លក់ក៏អាចចេញពីផ្ទះទៅលេងកម្សាន្តនៅតាមកន្លែងផ្សេងៗ។ ជំនួសឱ្យការកំណត់ពេលខ្លីៗបែបកញ្ឆក់កណ្តៀតនៅពេលល្ងាចដើម្បីបង្ហាញអចលនវត្ថុដល់ភ្ញៀវ ការរៀបចំបង្ហាញអចលនវត្ថុនៅពេលចុងសប្តាហ៍អាចផ្តល់ពេលពេញលេញនិងគ្រប់គ្រាន់ដល់អតិថិជនពិនិត្យមើលនិងពិចារណាបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តទិញ។

 

ចំនួននៃពេលវេលានិងការប្រឹងប្រែងដែលភ្នាក់ងារអចលនវត្ថុវិនិយោគលើអាជីពរបស់ គេជាកត្តាកំណត់ចំនួនប្រាក់ចំណូលដែលគេអាចនឹងរកបាន រួមជាមួយនឹងកម្រៃជើងសាដែលគេទទួលបានពីការលក់ដាច់ម្តងៗ។ ក្នុងពេលដែលភ្នាក់ងារអចលនវត្ថុមិនពេញម៉ោងលក់បានត្រឹមតែបួនប្រាំផ្ទះក្នុងមួយឆ្នាំ ភ្នាក់ងារដែលធ្វើការពេញម៉ោងប្រឹងប្រែងបង្កើនឱកាសដោយមិនខ្វល់ថាជាពេលក្នុងសប្តាហ៍ឬចុងសប្តាហ៍អ្វីទាំងអស់។ 

 

ពិតណាស់ ការបង្ហាញអចលនវត្ថុទៅតាមពេលណាត់ជួបគ្នាជាមួយអតិថិជនមិនមែនជាការតែម្យ៉ាងរបស់ភ្នាក់ងារអចលនវត្ថុពេញម៉ោងនោះទេ។ ភ្នាក់ងារអចលនវត្ថុក៏ត្រូវចំណាយពេលវេលាប្រៀបធៀបប្រភេទ និងតម្លៃរបស់អចលនវត្ថុពីកន្លែងផ្សេងៗ ដើម្បីបង្កើតជម្រើសជូនអតិថិជនដែរ។ បន្ថែមពីលើនេះ ក៏នៅមានការបំពេញលិខិតស្នាម និងឯកសារជាច្រើនទៀតសម្រួលដល់ដំណើរចរចានិងទិញ។ 

 

បើទោះជាភ្នាក់ងារអចលនវត្ថុមានម៉ោងធ្វើការបត់បែនច្រើនយ៉ាងណា ក៏អាជីពមួយនេះនៅតែជាការងារពេញម៉ោងដដែល។ អ្នកដែលចង់ប្រឡូកក្នុងវិស័យអចលនវត្ថុគួរតែរំពឹងទុកជាមុនថានឹងត្រូវចំណាយពេលធ្វើការទាំងល្ងាចក្រោយម៉ោងប្រាំ និងចុងសប្តាហ៍ បើចង់ទទួលបានជោគជ័យ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់