អភិវឌ្ឍចំណេះដឹង | July 30, 2021 | 133

ការហាត់ពង្រឹងស្មារតីមានភាពចាំបាច់ចំពោះសហគ្រិន

លោកSteve Jobs ជាសហស្ថាបនិក និងជាCEOយូរឆ្នាំមានឈ្មោះជាសហគ្រិនដែលជោគជ័យបំផុតក្នុងពិភពលោក ប៉ុន្តែលោកក៏ជាមនុស្សដែលបានអនុវត្តទ្រឹស្តីពង្រឹងស្មារតីយ៉ាងខ្ជាប់ខ្ជួនដែរ។ ក្រោយពីសម្រាកមួយរយៈពេលពិភពពាណិជ្ជកម្មនៅឆ្នាំ១៩៧៤ ហើយធ្វើដំណើរទៅប្រទេសឥណ្ឌាដើម្បីស្វែងរកកម្លាំងចិត្ត លោកJobs បានជ្រើសរើសយកមាគ៌ាប្រតិបត្តិតាមព្រះពុទ្ធសាសនា និងក្លាយជាមនុស្សដែលលែងទទួលទានសាច់។ 

 

 

ដូច្នេះ បើជីវិតបែបនេះមានឥទ្ធិពលខ្លាំងលើជីវិតរបស់សហគ្រិនដែលជោគជ័យបំផុតនោះ ហេតុអ្វីបានជាមិនមានមេដឹកនាំពាណិជ្ជកម្មកាន់តែច្រើនទទួលយកប្រយោជន៍ពីទម្លាប់អនុវត្តដូចលោកSteve Jobs រាល់ថ្ងៃ? ខាងក្រោមនេះជាទម្លាប់មួយចំនួនដែលអ្នកអាចចាប់ផ្តើមអនុវត្តតាមបាន៖

 

១/ កំណត់បំណត់ខ្លួនឯងឱ្យច្បាស់

នៅពេលអ្នកកំណត់បំណងនៃពាណិជ្ជកម្មរបស់អ្នកច្បាស់ហើយ ពិភពលោកនេះនឹងបង្ហាញឥទ្ធិពលក្នុងការរៀបចំនិងប្រមូលផ្តុំលក្ខខណ្ឌគ្រប់យ៉ាងដើម្បីគាំទ្រដល់ការសម្រេចគោលដៅរបស់អ្នក។ ការរស់នៅបែបនេះជាការនាំទៅរកជោគជ័យពិតប្រាកដ តាមរយៈការបន្ថែមគុណតម្លៃទៅក្នុងជីវិតមនុស្សដែលអ្នកធ្វើការជាមួយនិងអតិថិជនដែលអ្នកបម្រើ។

 

២/ យកចិត្តទុកដាក់ចំពោះគំនិត

នៅពេលអ្នកបង្ហាញការដឹងគុណចំពោះពាណិជ្ជកម្មរបស់អ្នក រឿងល្អៗដែលមានតម្លៃប្រហាក់ប្រហែលឬខ្ពស់ជាងនេះនឹងកើតឡើងចំពោះអ្នកវិញ។ គិតដល់អារម្មណ៍និងគំនិតរបស់អ្នកដោយចាត់ទុកថាជាប្រភពនៃថាមពលដ៏មហិមា។ សៀវភៅ Think and Grow Rich ពន្យល់គំនិតមួយនេះច្បាស់ណាស់ថាតាមរយៈការជ្រើសរើសគំនិតរបស់អ្នកយ៉ាងប្រុងប្រយ័ត្ននិងការផ្តោតចិត្តត្រឹមត្រូវ គំនិតអាចក្លាយជាការពិតបាន។ 

 

៣/ សុំរកសញ្ញាឬតម្រុយបង្ហាញផ្លូវ

បើអ្នកជាសហគ្រិនដែលកំពុងតែស្ថិតនៅក្នុងដំណើរទៅរកការបង្កើតពាណិជ្ជកម្ម អ្នកនឹងកត់សម្គាល់ឃើញសញ្ញាវិជ្ជមានមួយចំនួនដែលរុញច្រានអ្នកទៅរកគំនិតថ្មីៗនិងរបៀបប្រែក្លាយគំនិតទៅជាសកម្មភាពពិតប្រាកដ។ ពេលអ្នកចាប់ផ្តើមបង្កើតពាណិជ្ជកម្ម ក៏ជាពេលដែលអ្នកត្រូវប្រុងស្តាប់សារឬសញ្ញារុញច្រានចេញពីក្នុងចិត្តរបស់អ្នកដែរ ដោយចាត់ទុកសញ្ញាទាំងនោះជាត្រីវិស័យរបស់អ្នក។ ប្រឹក្សាជាមួយនឹងអារម្មណ៍របស់អ្នកនិងពិភពលោកនេះតាមរយៈការសុំរកសញ្ញាចង្អុលផ្លូវទៅមុខ។  

 

៤/ ដឹកនាំដោយចេញពីការស្គាល់ខ្លួនឯង

គន្លឹះសំខាន់មួយទៀតក្នុងការអនុវត្តក្បួនជំនួយស្មារតីគឺការស្គាល់ខ្លួនឯងគ្រប់ពេល។ ការធ្វើជាមេដឹកនាំខ្លាំងពូកែតម្រូវឱ្យអ្នកចេះផ្តោតចិត្តច្បាស់លាស់លើស្ថានការណ៍ចំពោះមុខនិងស្គាល់ខ្លួនឯងជានិច្ច គឺស្គាល់កម្លាំងជំរុញចិត្ត ស្ថានភាពចិត្តនិងអារម្មណ៍ និងគោលដៅឬការរំពឹងទុករបស់អ្នក។ ការធ្វើសមាធិកប្រចាំថ្ងៃនឹងជួយអ្នកបង្កើនសមត្ថភាពទាំងនេះបានយ៉ាងប្រសើរ។ ការអនុវត្តបែបនេះក៏បើកឱកាសរាប់មិនអស់ដើម្បីរៀនដែលជាជំហានចាំបាច់នៅក្នុងដំណើរសហគ្រិនភាពដែរ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់