អភិវឌ្ឍចំណេះដឹង | July 30, 2021 | 123

ធ្វើយ៉ាងណាទើបដឹងថាអ្នកមានមេដឹកនាំល្អ?

បុគ្គលិកដែលចូលរួមសកម្មក្នុងការងារជាធនធានដែលមានតម្លៃបំផុតរបស់និយោជក។ យោងតាមការសិក្សាស្រាវជ្រាវ និយោជិតដែលចូលរួមបំពេញការងារតែងតែទទួលបានលទ្ធផលប្រសើរជាងមិត្តរួមការងារផ្សេងទៀតតាមរយៈការដោះស្រាយបញ្ហាថ្មី និងបង្កើតគំនិតច្នៃប្រឌិតបម្រើដល់អតិថិជន។ ជារួមបុគ្គលិកប្រភេទនេះមានផលិតភាពខ្ពស់និងទទួលបានផលចំណេញច្រើន។ ទាំងអស់នេះជាអ្វីនិយោជកអាចរំពឹងបានពីបុគ្គលិក ប៉ុន្តែតើបុគ្គលិកអាចដឹងបានដោយរបៀបណាថាគេកំពុងតែបម្រើឱ្យមេដឹកនាំល្អ? ខាងក្រោមនេះជាសញ្ញាមួយចំនួនដែលអ្នកអាចរកឃើញនៅក្នុងចំណោមមេដឹកនាំល្អ៖

 

 

១/ រក្សាទំនាក់ទំនងច្បាស់លាស់និងទៀងទាត់

នៅក្នុងពេលនៃវិបត្តិដូចបច្ចុប្បន្ននេះ បុគ្គលិកមានរឿងច្រើនណាស់ដែលត្រូវគិតលើសពីការងារប្រចាំថ្ងៃ ដែលបណ្តាលឱ្យគេបាត់បង់ការផ្តោតចិត្តចំពោះការងារ។ ដើម្បីជួយឱ្យក្រុមការងារផ្តោតចិត្តលើការងារបានល្អ ថ្នាក់ដឹកនាំត្រូវរក្សាច្រកទំនាក់ទំនងច្បាស់លាស់ និងបើកចំហគ្រប់ពេល។ ការធ្វើបែបនេះនឹងជួយឱ្យបុគ្គលិករក្សាបានផលិតភាពខ្ពស់ និងជាការលុបបំបាត់ភាពមិនច្បាស់លាស់នៅពេលមិនល្អ។ 

 

២/ បង្កើនជំនាញក្រុមការងារ

ការបង្កើនជំនាញឬបណ្តុះជំនាញថ្មីៗត្រូវផ្តោតលើការច្នៃប្រឌិត និងជការវិនិយោគទាំងផ្នែកបច្ចេកវិទ្យានិងធនធានមនុស្ស។ អ្នកជំនាញពន្យល់ថា នៅពេលនិយាយដល់ការច្នៃប្រឌិត មិនមែនអ្វីៗសុទ្ធតែចេញពីថ្នាក់ដឹកនាំតែម្យ៉ាងនោះទេ គឺវាត្រូវកើតចេញពីមនុស្សគ្រប់គ្នានៅក្នុងក្រុមហ៊ុន។ ផ្នែកសំខាន់ៗមួយចំនួនដែលត្រូវបង្កើនជំនាញដល់បុគ្គលិកមានដូចជាការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងរបៀបសម្រួលដល់កិច្ចការប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពខ្លាំងឡើង។ 

 

៣/ រៀនដឹកនាំដោយការយល់ចិត្ត

សម្ពាធអារម្មណ៍មិនល្អអាចបំផ្លាញចង្វាក់ការងារទាំងមូល រំខានដល់ផលិតភាព និងនាំទៅរកការចូលរួមមិនបានពេញលេញពីបុគ្គលិក។ នៅពេលបុគ្គលិកណាម្នាក់បង្ហាញសញ្ញាដែលលំបាកក្នុងកិច្ចការអ្វីមួយ កិច្ចការដែលថ្នាក់ដឹកនាំត្រូវធ្វើគឺលើកទឹកចិត្តឱ្យបុគ្គលិកនោះនិយាយបញ្ហានិងការភ័យខ្លាចចេញមកឱ្យអស់ ព្រមទាំងបង្ហាញការយល់ចិត្ត និងជួយពន្យល់របៀបដោះស្រាយបញ្ហានោះមុននឹងឈានទៅរកការបំពេញភារកិច្ចបានត្រឹមត្រូវ។ ទង្វើបែបនេះជាកិច្ចការដែលមនុស្សល្អតែងតែធ្វើដើម្បីជួយគ្នា ហើយទំនាក់ទំនងរវាងថ្នាក់ដឹកនាំនិងក្រុមការងារក៏មិនខុសគ្នាដែរ។ 

 

៤/ រៀបចំក្រុមការងារដើម្បីផ្តល់គុណតម្លៃបន្ថែមដល់អតិថិជន

ការរៀបចំក្រុមការងារជាមធ្យោបាយមួយដើម្បីរក្សានិងតម្រង់ទិសដៅដល់បុគ្គលិក។ ទោះជាយ៉ាងណា អ្នកត្រូវមានយុទ្ធសាស្រ្តច្បាស់លាស់ក្នុងការធ្វើបែបនេះ។ ជាក់ស្តែង អ្នកគួរតែផ្តោតលើការរៀបចំបុគ្គលិកយ៉ាងណាដើម្បីផ្តល់គុណតម្លៃឱ្យបានច្រើនដល់អតិថិជន។ ជំហានដំបូងដើម្បីធ្វើបានបែបនេះគឺអ្នកត្រូវកំណត់ឱ្យច្បាស់ថាអតិថិជននីមួយរបស់អ្នកចាត់ទុកគុណតម្លៃក្នុងរបៀបណាខ្លះ។ ពេលកំណត់ដឹងគុណតម្លៃច្បាស់ហើយ អ្នកអាចសម្រេចចិត្តដើម្បីបង្កើតឥទ្ធិពលវិជ្ជមាននិងរៀបចំទេពកោសល្យបុគ្គលិកបានត្រឹមត្រូវ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់