អភិវឌ្ឍចំណេះដឹង | July 29, 2021 | 170

គន្លឹះសម្រាប់ស្រ្តីជោគជ័យក្នុងពិភពពាណិជ្ជកម្មដែលពេញដោយមនុស្សប្រុស

សព្វថ្ងៃនេះមានមនុស្សស្រីប្រហែល៤៧ភាគរយចូលរួមក្នុងកម្លាំងពលកម្មរបស់ពិភពលោក។ ប៉ុន្តែនៅក្នុងរបៀបនិងឧស្សាហកម្មជាច្រើន ក៏នៅមានបញ្ហាលម្អៀងទៅរកមនុស្សប្រុសដដែល។ ការអភិវឌ្ឍបុគ្គលិកលក្ខណៈនិងទម្លាប់មួយចំនួនខាងក្រោមនេះនឹងជួយបានយ៉ាងច្រើនដល់ការបង្កើតផ្លូវសម្រាប់មនុស្សស្រីចូលរួមក្នុងការងារបានពេញមុខមាត់៖ 

 

 

១/ បណ្តុះជំនឿចិត្តលើខ្លួនឯង

ការធ្វើឱ្យគេទទួលស្គាល់ក្នុងឧស្សាហកម្មដែលគ្របដណ្តប់ដោយមនុស្សប្រុសពេលខ្លះមានន័យថាជាការរៀនមិនបណ្តោយឱ្យអ្នកដទៃនិយាយគ្របលើអ្នក ឬរំខានអ្នក។ ទោះជាយ៉ាងណា ក៏មិនមែនមានន័យថាអ្នកត្រូវប្រកាន់ឥរិយាបថឈ្លើយ និងរំខានមនុស្សដទៃនោះទេ ប៉ុន្តែពេលខ្លះអ្នកត្រូវជម្នះលើរបៀបផ្ទាល់ខ្លួនរបស់អ្នក។ 

 

២/ រក្សាសុទិដ្ឋិនិយមជានិច្ច

គ្មានអ្វីអាចបង្កើតបំណងល្អឬបង្កើតកម្លាំងចិត្តក្នុងចំណោមក្រុមការងារបានប្រសើរជាងការរក្សាឥរិយាបថល្អនោះទេ។ បណ្តោយឱ្យគំនិតរបស់អ្នកអណ្តែតជុំវិញជោគជ័យកន្លងមករបស់អ្នក មិនត្រូវលិចលង់ក្នុងរឿងបរាជ័យនោះទេ ហើយត្រូវផ្តោតចិត្តលើដំណាក់កាលសំខាន់នីមួយៗដែលអ្នកបានកំណត់ដើម្បីសម្រេចឱ្យបានក្នុងអនាគត។ 

 

៣/ ស្រេកឃ្លានការរៀនពេញមួយជីវិត

តាមដានស្ថានការណ៍ជុំវិញខ្លួនឱ្យទាន់ ជាពិសេសចរន្តផ្សេងៗនៅក្នុងជំនាញរបស់អ្នក។ ទាញយកប្រយោជន៍ពីសិក្ខាសាលាដែលពាក់ព័ន្ធនិងការអប់រំជាបន្តបន្ទាប់ដែលអ្នកអាចស្វែងរកបានទាំងនៅក្នុងសៀវភៅនិងនៅលើអ៊ីនថឺណិត។ ការទទួលបានដំណឹងនិងចំណេះដឹងច្រើននឹងជួយបង្កើនជំនឿចិត្តរបស់អ្នក ហើយអ្នកនឹងក្លាយជាធនធានដ៏មានតម្លៃចំពោះក្រុមការងារ និងសហគមន៍។

 

៤/ ធ្វើឱ្យគេគោរពច្រើនជាងចូលចិត្ត

បើអ្នកចូលចិត្តនិយាយពាក្យសុំអភ័យទោសដើម្បីតែចង់ឱ្យគេចូលចិត្ត អ្នកគួរតែឈប់ធ្វើបែបនេះទៀតទៅ។ ការនិយាយពាក្យសុំអភ័យទោសញឹកញាប់ពេកអាចធ្លាក់តម្លៃទំនាក់ទំនង។ កុំធ្វើជាមនុស្សដែលចាំតែផ្គាប់ចិត្តគេ។ នៅក្នុងក្រុមហ៊ុន បើនរណាព្យាយាមផ្គាប់ចិត្តគេជានិច្ចច្រើនតែទទួលបានការជិះជាន់ជាងជាងការគោរព។ 

 

៥/ រៀនដោះស្រាយទំនាស់

ការរៀនដោះស្រាយទំនាស់មិនមែនមានន័យថាជាការរៀនឈ្លោះនោះទេ ហើយក៏មិនមែនមានន័យជាការគេចចេញពីទំនាស់គ្រប់ពេលនោះដែរ។ នៅពេលទំនាស់អ្វីមួយកើតឡើង អ្នកត្រូវព្យាយាមសម្លឹងមើលឱ្យបានច្បាស់និងរក្សាជំហរវិជ្ជមាន។ ពេលដោះស្រាយទំនាស់ កុំវាយប្រវាអ្នកដទៃដោយផ្តោតលើអត្តចរិតផ្ទាល់ខ្លួនរបស់គេ ហើយក៏មិនត្រូវបណ្តោយឱ្យគេវាយប្រហារអ្នកដែរ។ យកចិត្តទុកដាក់បំផុតកុំនិយាយឬសរសេរអ៊ីម៉ែលនៅពេលអ្នកខឹង ហើយផ្តោតតែលើបញ្ហាចំពោះមុខប៉ុណ្ណោះ។  

 

៦/ ចាប់យកតួនាទីក្នុងភាពជាអ្នកដឹកនាំ

បើអ្នកធ្វើការបានល្អ មិនយូរប៉ុន្មាន អ្នកនឹងទទួលបានឱកាសចូលរួមក្នុងក្រុមអ្នកដឹកនាំគម្រោងអ្វីមួយមិនខាន។ កុំបោះបង់ឱកាសបែបនោះចោល។ ជាទូទៅ គម្រោងឬបញ្ហាតែងតែកើតឡើងជានិច្ចនិងរង់ចាំមនុស្សមកដោះស្រាយ។ ប្រែខ្លួនអ្នកទៅជាមនុស្សដែលហ៊ានទទួលយកទំនួលខុសត្រូវនិងរៀនដោះស្រាយបញ្ហាឱ្យដូចជាអ្នកដឹកនាំ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់