អភិវឌ្ឍចំណេះដឹង | July 29, 2021 | 164

រៀនជម្នះបញ្ហាដើម្បីប្រែក្លាយជីវិតទៅរកភាពប្រសើរឡើង

បើអ្នកកំពុងតែស្វែងរកមធ្យោបាយដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរឡើង ទំនួលខុសត្រូវទាំងអស់ស្ថិតនៅក្នុងដៃរបស់អ្នក។ ការសុខចិត្តនិងប្រឹងប្រែងធ្វើកិច្ចការលំបាកគ្រប់យ៉ាងជាជំហានចាំបាច់បើអ្នកចង់រីកចម្រើននិងត្រួសត្រាយផ្លូវទៅរកអនាគតដែលកាន់តែជោគជ័យ។ ឧបសគ្គប្រហែលជាសញ្ញាដែលអ្នកកំពុងតែរង់ចាំដើម្បីចាប់ផ្តើមបង្កើតទម្លាប់ថ្មីៗទាំងនេះ៖

 

 

១/ កំណត់ទម្លាប់ពេលព្រឹកសម្រាប់ខ្លួនឯង

បញ្ហាប្រឈមធំបំផុតមួយដែលអ្នកអាចកំណត់សម្រាប់ខ្លួនឯងគឺការអនុវត្តតាមទម្លាប់ទៀងទាត់រាល់ព្រឹក។ មនុស្សជាច្រើនលំបាកស្វែងរកមធ្យោបាយដើម្បីចាប់ផ្តើមថ្ងៃនីមួយៗដែលនឹងធ្វើឱ្យគេរីករាយនិងមានកម្លាំងចិត្តចង់ធ្វើការ។ គោលដៅសាមញ្ញដែលអាចវាស់វែងបានគឺការចាប់ផ្តើមទទួលទានអាហារពេលព្រឹកដែលសម្បូរដោយអាហារូបត្ថម្ភឱ្យបានទៀងទាត់។ រឿងសំខាន់ដែលត្រូវចងចាំនោះគឺការចាប់ផ្តើមម្តងបន្តិចៗ និងបន្ថែមជំហានថ្មីតែនៅពេលណាដែលអ្នកមានភាពរឹងមាំនឹងជំហានចាស់ហើយប៉ុណ្ណោះ។ 

 

២/ កត់ត្រាពាក្យពេចន៍វិជ្ជមានរាល់ថ្ងៃ

មធ្យោបាយអស្ចារ្យដើម្បីជម្នះនឹងខ្លួនឯងឱ្យរីកចម្រើនគឺត្រូវភ្ជាប់ជាមួយនឹងរបៀបដែលអ្នកនិយាយចំពោះខ្លួនឯងរាល់ថ្ងៃ។ ការផ្លាស់ប្តូរកើតឡើងតាមរយៈស្ថានភាពវិជ្ជមាន ហើយការប្រើប្រាស់ពាក្យពេចន៍និងឃ្លាវិជ្ជមានអាចជួយអ្នកឱ្យមានអារម្មណ៍កាន់តែរីករាយនិងមានជំនឿចិត្តកាន់តែខ្លាំង។ អ្នកអាចចាប់ផ្តើមបង្កើតដំណើរនេះតាមរយៈការប្រមូលសម្រង់សម្តីវិជ្ជមានម្តងមួយៗនិងបិទនៅគ្រប់កន្លុកកន្លៀតទាំងអស់ក្នុងផ្ទះដើម្បីអាចមើលឃើញគ្រប់ពេល។ ពេលមើលឃើញនិងថាតាមពាក្យវិជ្ជមានទាំងអស់នេះរាល់ថ្ងៃ វាជាការរំឭកប្រាប់អ្នកអំពីតម្លៃរបស់ខ្លួនឯងនិងរឿងល្អៗដែលអាចនឹងកើតមានចំពោះអ្នក។

 

៣/ សម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងផ្ទះ

បើអ្នកទុកឱ្យវត្ថប្រើប្រាស់ទាំងអស់រាយប៉ាយពេញក្នុងផ្ទះ និងកន្លែងធ្វើការ អ្នកគួរតែចាប់ផ្តើមជម្នះនឹងខ្លួនឯងតាមរយៈការរក្សាសណ្តាប់ធ្នាប់និងរបៀបរៀបរយ ដែលតម្រូវឱ្យអ្នកប្រើប្រាស់ថាមពលនិងពេលវេលាខ្លះ។ ការមិនមានសណ្តាប់ធ្នាប់មានឥទ្ធិពលយ៉ាងខ្លាំងលើផលិតភាពរបស់អ្នក។ អ្នកអាចជម្នះនឹងបញ្ហានេះបានតាមរយៈជំហានសាមញ្ញៗដែលជួយអ្នកបង្កើតទម្លាប់ថ្មីៗ។ នៅពេលដែលអ្នកមានសណ្តាប់ធ្នាប់កាន់តែខ្លាំងនៅក្នុងជីវិតផ្ទាល់ខ្លួន អ្នកនឹងទទួលបានផលិតភាពនិងអារម្មណ៍វិជ្ជមានកាន់តែច្រើន។ 

 

៤/ អានសៀវភៅមួយក្បាលរាល់ខែ

រឿងម្យ៉ាងដែលអាចផ្លាស់ប្តូរជីវិតអ្នកទៅរកភាពប្រសើរឡើងគឺការអានសៀវភៅកាន់តែច្រើន។ សៀវភៅមានអ្វីៗជាច្រើនដែលអាចផ្តល់ឱ្យអ្នក ហើយជារឿងគួរឱ្យស្តាយដែលមានមនុស្សតិចតួចប៉ុណ្ណោះចំណាយពេលផ្ទាល់ខ្លួនដើម្បីអាន។ សៀវភៅអាចជួយអ្នកឱ្យរកឃើញមធ្យោបាយល្អៗក្នុងការចំណាយពេលវេលា និងផ្តល់ចំណេះដឹង ហើយជួយអ្នកពង្រីកពាក្យនិងរបៀបគិត។ ក្នុងពេលជាមួយគ្នានេះដែរ បច្ចេកវិទ្យាក៏ជួយមនុស្សយើងឱ្យទទួលបានភាពងាយស្រួលកាន់តែខ្លាំងឡើងក្នុងការទទួលបានសៀវភៅទាំងចាស់ទាំងថ្មី ហើយក៏មានសៀវភៅខ្លះត្រូវគេថតជាសំឡេងអានដែលអ្នកអាចស្តាប់បានគ្រប់ពេល។ 

 

៥/ កំណត់ពេលចំណាយលើបណ្តាញសង្គម

បើទោះជាទូរសព្ទនិងអ៊ីនថឺណិតជួយអ្នកបានច្រើនក្នុងទំនាក់ទំនងរាល់ថ្ងៃទាំងក្នុងរឿងផ្តាល់ខ្លួននិងរឿងការងារ ក៏វាអាចធ្វើឱ្យអ្នកញៀនបានដែរ។ ការកំណត់ពេលច្បាស់លាស់នៅចំពោះមុខកញ្ចក់បច្ចេកវិទ្យាអាចធ្វើឱ្យអ្នកផ្លាស់ប្តូរជីវិតទៅរកភាពប្រសើរឡើងបាន។ អ្នកអាចចាប់ផ្តើមតាមរយៈការបិទទូរសព្ទមួយម៉ោងមុនពេលចូលគេងដើម្បីធ្វើឱ្យចិត្តអ្នកស្ងប់និងត្រៀមលក្ខណៈរួចរាល់ដើម្បីសម្រាកពេញលេញនៅពេលយប់ និងជួយបង្កើនគុណភាពដំណេករបស់អ្នក។ ការចំណាយពេលនៅឆ្ងាយពីកញ្ចក់បច្ចេកវិទ្យានឹងជួយអ្នកឱ្យមានពេលច្រើនធ្វើកិច្ចការផ្សេងដែលអ្នករីករាយ។

 

ប្រែសម្រួល៖ វេហា

មតិយោបល់