អចលនទ្រព្យ | July 29, 2021 | 146

ប្រទេសសិង្ហបុរីកំពុងពិចារណាយកពន្ធមរតកដើម្បីបន្ថយវិសមភាព

នេះជាដំណឹងអាក្រក់ចំពោះអ្នកមាននៅជុំវិញពិភពលោកដែលចង់ទៅរស់នៅប្រទេសសិង្ហបុរី និងអ្នកមានដែលជាជនជាតិសិង្ហបុរីស្រាប់។ រដ្ឋធានីមួយនេះកំពុងតែពិចារណាយកពន្ធលើទ្រព្យសម្បត្តិដើម្បីកាត់បន្ថយវិសមភាពសង្គមដែលកំពុងតែរីកធំឡើងនៅក្នុងប្រទេសនេះ។

 

 

លោកRavi Menon នាយកអាជ្ញាធរហិរញ្ញវត្ថុរបស់ប្រទេសសិង្ហបុរី និយាយថាប្រហែលនឹងមានតម្រូវការចំពោះពន្ធលើអចលនវត្ថុ ឬពន្ធផ្ទេរមរតកដើម្បីឆ្លើយតបទៅនឹងវិសមភាពទ្រព្យសម្បត្តិដែលកំពុងតែរីកធំឡើង ជាពិសេសបើតម្លៃផ្ទះឯកជននៅតែបន្តកើនឡើងខ្ពស់ជាងផ្ទះសាធារណៈទៀត។ ដើម្បីលើកកម្ពស់សង្គមបរិយាបន្ន ការផ្លាស់ប្តូរតុល្យភាពក្នុងរចនាសម្ព័ន្ធពន្ធរបស់ប្រទេសសិង្ហបុរីចេញពីការយកពន្ធលើប្រាក់ចំណូលទៅយកពន្ធលើទ្រព្យសម្បត្តិ។ 

 

រហូតមកដល់ពេលនេះ ប្រទេសសិង្ហបុរីតែងតែអះអាងថាគេនៅមិនទាន់បានអនុវត្តពន្ធទ្រព្យសម្បត្តិនៅឡើយទេ ដោយសារប្រព័ន្ធពន្ធតាមកម្រិតប្រាក់ចំណូលបច្ចុប្បន្នអាចបម្រើគោលបំណងនៃការបង្កើតតុល្យភាពទ្រព្យសម្បត្តិបាន។ 

 

នៅក្នុងប្រព័ន្ធនេះ អ្នកដែលរកប្រាក់ចំណូលបានកាន់តែខ្ពស់បង់ពន្ធក្នុងអត្រាកាន់តែខ្ពស់ ក្នុងនោះមាន១០ភាគរយនៃប្រជាពលរដ្ឋបង់ពន្ធប្រាក់ចំណូលផ្ទាល់ខ្លួនប្រហែល៨០ភាគរយនៃកញ្ចប់ពន្ធសរុប។ រដ្ឋាភិបាលក៏សន្និដ្ឋានដែរថា អ្នកដែលមានប្រាក់ចំណូលកាន់តែខ្ពស់ ក៏មានចំណាយកាន់តែខ្ពស់ដែរ ដូច្នេះពួកគេក៏បង់ពន្ធទំនិញនិងសេវាកម្មកាន់តែច្រើនដែរ។ 

 

ទោះជាយ៉ាងណា ក្នុងពេលដែលពន្ធលើប្រាក់ចំណូលត្រូវគេតម្លៃអត្រាពីរបីដងរួចមកហើយក្នុងប្រទេសនេះ ដែលបច្ចុប្បន្ននេះស្ថិតនៅក្នុងកម្រិត២២ភាគរយសម្រាប់អ្នកដែលរកបានប្រាក់ចំណូលខ្ពស់បំផុត ក៏ពន្ធនេះនៅតែមានអត្រាទាបជាងគេដែរក្នុងពិភពលោក។ ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសសិង្ហបុរីមិនទាន់មានពន្ធលើមរតកទេ ហើយបុគ្គលម្នាក់ៗត្រូវបង់តែពន្ធលើប្រាក់ចំណូលប៉ុណ្ណោះ។ 

 

លោកMenon បានចង្អុលបង្ហាញថាគម្លាតទ្រព្យសម្បត្តិដែលកំពុងតែរីកធំឡើងក្នុងរដ្ឋធានីមួយនេះបានរុញច្រានយ៉ាងខ្លាំងពីការវិនិយោគអចលនវត្ថុ ដោយសារអ្នកដែលមានប្រាក់ចំណូលកាន់តែខ្ពស់អាចវិនិយោគបានកាន់តែធំលើអចលនវត្ថុ ហើយផលចំណេញដែលគេទទួលបានក្នុងពេលក្រោយមកមិនមានទូទៅចំពោះអ្នកដែលមានប្រាក់ចំណូលទាប និងអ្នកដែលគ្មានទ្រព្យសម្បត្តិដើម្បីទិញផ្ទះនោះទេ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់