អភិវឌ្ឍចំណេះដឹង | July 29, 2021 | 146

គន្លឹះបង្កើតក្រុមការងារដែលស្រឡាញ់ការងារដូចលោកSteve Jobs

លោកSteve Jobs ជាសហស្ថាបនិកក្រុមហ៊ុនApple ជាមនុស្សដែលមានគេចងចាំច្រើនទាក់ទងនឹងអត្តចរិត ដូចជាមនុស្សឈ្លើយ មានះ និងពិបាកធ្វើការជាមួយ។ ប៉ុន្តែក្នុងពេលជាមួយគ្នា ក៏គ្មាននរណាអាចប្រកែកបានដែរថា លោកJobs ជាកំពូលមនុស្សដែលមានទស្សនវិស័យ ពូកែផ្តល់កម្លាំងចិត្ត និងខ្លាំងខាងអូសទាញមនុស្សមានទេពកោសល្យមកចូលរួមក្នុងទស្សនវិស័យរបស់លោកដើម្បីបង្កើតផលិតផលដ៏អស្ចារ្យ។ 

 

 

ទាំងអស់នេះជាធាតុសំខាន់នៃភាពជាអ្នកដឹកនាំល្អ ការបង្កើតក្រុមហ៊ុនមួយដែលមានទស្សនវិស័យវែងឆ្ងាយ ដែលមនុស្សឆ្លាតនិងមានទេពកោសល្យសុខចិត្តលះបង់ជីវិតនិងពេលវេលារបស់គេមកចូលរួម ដែលផ្តល់គោលដៅប្រាកដនិយម និងជម្នះគ្រប់ឧបសគ្គដើម្បីទៅឱ្យដល់គោលដៅ។ ប៉ុន្តែនៅមានចំណុចសំខាន់មួយទៀតដែលត្រូវពិចារណា គឺលោកJobs ដឹងថាលោកត្រូវធ្វើកិច្ចការគ្រប់យ៉ាងដែលចាំបាច់ដើម្បីជួយក្រុមការងារឱ្យសម្រេចគោលដៅ ក្នុងនោះមានទាំងការរៀបចំបរិស្ថានល្អត្រឹមត្រូវដើម្បីធ្វើការ។ 

 

នៅក្នុងកិច្ចសម្ភាសន៍មួយសម្រាប់សៀវភៅIn the Company of Giants លោកJobs បានប្រាប់អ្នកនិពន្ធថាក្រោយពីជ្រើសរើសបានក្រុមការងារខ្លាំងពូកែហើយ គឺការបង្កើតបរិស្ថានដែលធ្វើឱ្យក្រុមការងារស្ថិតនៅក្នុងចំណោមមនុស្សដែលមានទេពកោសល្យស្មើគ្នា និងធ្វើឱ្យការងាររបស់ពួកគេមានទំហំធំជាងពួកគេ ហើយការមានវប្បធម៌ជ្រើសរើសអ្នកខ្លាំងជាមធ្យោបាយល្អបំផុត។ បើទោះជាដំបូន្មាននេះមានអាយុកាលជាង២០ឆ្នាំហើយក្តី ក៏អ្នកនៅតែអាចទទួលបានប្រសិទ្ធភាពខ្ពស់ពីការអនុវត្តតាមគន្លឹះទាំងនេះដែរដើម្បីបង្កើតនិងថែរក្សាក្រុមការងារដែលស្រឡាញ់ការងារ៖

 

១/ បញ្ចេញស្មារតីអន្តរសហគ្រិនភាពនៅទូទាំងក្រុមហ៊ុន

កន្លែងល្អៗដែលគួរឱ្យចង់ធ្វើការផ្តោតយ៉ាងខ្លាំងលើការរក្សាវប្បធម៌នៃការសង្កត់ធ្ងន់ចំពោះអន្តរសហគ្រិនភាព គឺប្រព័ន្ធមួយដែលលើកទឹកចិត្តបុគ្គលិកឱ្យគិតនិងអនុវត្តដូចសហគ្រិននីមួយៗ ហើយលើកទឹកចិត្តពួកគេឱ្យធ្វើសកម្មភាព ហ៊ានទទួលយកហានីភ័យ និងចេះសម្រេចចិត្តក្នុងរបៀបដូចគេជាអ្នកបង្កើតក្រុមហ៊ុនដោយផ្ទាល់ដែរ។ 

 

២/ ផ្តល់តម្លៃដល់ក្រុមការងាររបស់អ្នក

ដើម្បីគ្រប់គ្រងក្រុមការងារដែលមានចំណេះដឹងនិងជំនាញខ្ពស់មិនមែនជារឿងងាយស្រួលទេ ជាពិសេសនៅពេលដែលក្រុមការងារភាគច្រើនមិនចង់ឱ្យនរណាគ្រប់គ្រង។ គន្លឹះក្នុងការអនុវត្តតាមដំបូន្មានរបស់លោកSteve Jobs គឺត្រូវដឹកនាំក្រុមការងារ មិនមែនគ្រប់គ្រងពួកគេទេ តាមរយៈការផ្តល់តម្លៃឱ្យពួកគេក្នុងនាមជាមនុស្សដូចគ្នា។ មនុស្សដែលធ្វើការដោយប្រើចំណេះដឹងនិងជំនាញមានអំនួតចំពោះខ្លួនឯងណាស់ និងចង់បម្រើអតិថិជនឱ្យដល់កម្រិតល្អបំផុត ហើយក៏ចង់រីកចម្រើនពេញសក្តានុពលដែរនៅក្នុងមាគ៌ាអាជីពរបស់ពួកគេ។ 

 

៣/ ផ្តល់សេរីភាពឱ្យមនុស្ស

នៅក្នុងសេដ្ឋកិច្ចចំណេះដឹង របៀបគ្រប់គ្រងតាមលំដាប់ពីលើចុះក្រោម ដូចផ្លូវឯកទិសមិនអាចអនុវត្តបានទេ ជាពិសេសនៅពេលក្រុមការងារចេះច្រើនជាងថ្នាក់ដឹកនាំក្នុងជំនាញនីមួយៗ។ វិធីសាស្រ្តរបស់លោកSteve Jobs នៅត្រង់ចំណុចនេះគឺផ្តល់គន្លឹះឱ្យក្រុមការងារគ្រប់គ្រងខ្លួនឯង។ នៅក្នុងក្រុមហ៊ុនដែលផ្តល់តម្លៃដល់ក្រុមការងារ ព័ត៌មានផ្លាស់ប្តូរទៅវិញទៅមកគ្រប់ផ្នែក ហើយមនុស្សអាចប្រើប្រាស់ព័ត៌មានទាំងនោះដើម្បីសម្រេចចិត្តបានយ៉ាងឆាប់រហ័ស។

 

៤/ ផ្តល់ទស្សនវិស័យរួមដល់ក្រុមការងារ

បញ្ហាមួយដែលរំខានស្មារតីចូលរួមរបស់ក្រុមការងារគឺអសមត្ថភាពរបស់មេដឹកនាំក្នុងការភ្ជាប់អត្ថន័យនិងគោលបំណងទៅក្នុងការងារ។ ប៉ុន្តែលោកJobs យល់ខុសពីនេះ ដោយពន្យល់ថា នៅពេលក្រុមការងារដឹងថាត្រូវធ្វើអ្វីខ្លះ គេនឹងគិតរករបៀបធ្វើកិច្ចការទាំងនោះដោយខ្លួនឯង។ អ្វីដែលគេត្រូវការនោះគឺទស្សនវិស័យរួមមួយ។ ចំណុចនេះហើយដែលភាពជាអ្នកដឹកនាំត្រូវមាន គឺទស្សនវិស័យ និងធ្វើយ៉ាងណាឱ្យមនុស្សជុំវិញយល់ច្បាស់និងព្រមព្រៀងគ្នាចំពោះទស្សនវិស័យរួមនោះ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់